ភរិយារបស់មេបក្សប្រឆាំង Alexei Navalny នឹងបន្តបុព្វហេតុតស៊ូពីស្វាមីដើម្បីរំលំពូទីន

រុស្ស៊ី ៖ លោកស្រី Yulia Navalnaya ជាស្ត្រីមេម៉ាយរបស់មេដឹកនាំគណបក្សប្រឆាំងរុស្ស៊ី លោក Alexei Navalny បាននិយាយកាលពីថ្ងៃចន្ទ ថ្ងៃទី ១៩ ខែកុម្ភៈឆ្នាំ២០២៤ ថា លោកស្រីនឹងបន្តការតស៊ូរបស់ស្វាមីលោកស្រីដើម្បីទទួលបានរុស្ស៊ីដែលមានសេរីភាព ហើយបានអំពាវនាវឱ្យអ្នកគាំទ្រប្រយុទ្ធតតាំងជាមួយប្រធានាធិបតី វ៉្លាឌីមៀ ពូទីន ដោយកំហឹងកាន់តែខ្លាំងជាងពេលណាៗទាំងអស់។

លោកស្រី Navalnaya បាននិយាយនៅក្នុងសារវីដេអូមួយដែលមានចំណងជើងថា «ខ្ញុំចង់រស់នៅក្នុងប្រទេសរុស្ស៊ីដែលមានសេរីភាព ខ្ញុំចង់កសាងប្រទេសរុស្ស៊ីដែលមានសេរីភាព។ ខ្ញុំនឹងបន្តការងាររបស់ Alexei Navalny»។

លោកស្រី Navalnaya បាននិយាយថា «វ្ល៉ាឌីមៀ ពូទីន បានសម្លាប់ប្តីរបស់ខ្ញុំ» ដោយបន្ថែមថា «លោកស្រីនឹងធ្វើការជាមួយប្រជាជនរុស្ស៊ី ដើម្បីប្រយុទ្ធជាមួយវិមានក្រឹមឡាំង ដើម្បីបង្កើតប្រទេសរុស្ស៊ីថ្មី»។ ចំណែកវិមានក្រឹមឡាំងបានបដិសេធការជាប់ពាក់ព័ន្ធក្នុងការស្លាប់របស់គាត់។

លោកស្រី Navalnaya បាននិយាយថា «ដោយសម្លាប់ Alexei លោកពូទីនបានសម្លាប់ខ្ញុំពាក់កណ្តាល គឺពាក់កណ្តាលនៃបេះដូងរបស់ខ្ញុំនិងពាក់កណ្តាលនៃព្រលឹងរបស់ខ្ញុំ។ ប៉ុន្តែខ្ញុំនៅតែសល់ពាក់កណ្តាលទៀត ហើយវាប្រាប់ខ្ញុំថាខ្ញុំគ្មានសិទ្ធិបោះបង់ចោលទេ។ ខ្ញុំនឹងបន្តការងាររបស់ Alexei Navalny បន្តតស៊ូដើម្បីប្រទេសរបស់យើង»។

លោកស្រី​បាន​និយាយ​ថា “«ខ្ញុំ​សុំ​ឱ្យ​អ្នក​ឈរ​ក្បែរ​ខ្ញុំ​។ ខ្ញុំសុំឱ្យអ្នកចែករំលែកកំហឹងជាមួយខ្ញុំ។ កំហឹង កំហឹង ការស្អប់ចំពោះអ្នកដែលហ៊ានសម្លាប់អនាគតរបស់យើង»។

លោកស្រី Navalnaya បានចោទប្រកាន់អាជ្ញាធររុស្ស៊ីថាបានលាក់សាកសពរបស់ Navalny និងរង់ចាំឱ្យដាននៃភ្នាក់ងារប្រសាទ Novichok ភាយចេញពីសាកសពរបស់គាត់។

លោកស្រីបាននិយាយថា «យើងដឹងច្បាស់ថាហេតុអ្វីបានជាពូទីនសម្លាប់ Alexei កាលពីបីថ្ងៃមុន។ យើង​នឹង​ប្រាប់​អ្នក​ពី​រឿង​នេះ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​។ យើង​នឹង​ដឹង​ច្បាស់​ថា​អ្នក​ណា​ប្រព្រឹត្ត​បទ​ល្មើស​នេះ​ និង​ប្រព្រឹត្តវាដោយរបៀប​ណា​ឲ្យ​ប្រាកដ។ យើង​នឹងបញ្ចេញ​ឈ្មោះ​និង​​មុខមាត់ពួកគេ»៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *