ពូទីន ជូនកាដូរថយន្តទំនើបមួយគ្រឿងដល់ គីម ជុងអ៊ុន

បរទេស ៖ វិមានក្រឹមឡាំងបាននិយាយកាលពីថ្ងៃអង្គារទី ២០ ខែកុម្ភៈឆ្នាំ២០២៤ថា លោក វ្ល៉ាឌីមៀ ពូទីន បានផ្តល់ឱ្យលោក គីម ជុងអ៊ុន នូវរថយន្តប្រភេទ Limousine ម៉ាក Aurus ដ៏ប្រណីតរបស់រុស្ស៊ី ជាអំណោយមួយ ពីព្រោះមេដឹកនាំកូរ៉េខាងជើងចូលចិត្តរថយន្តនេះ នៅពេលដែលប្រធានាធិបតីរុស្ស៊ីបង្ហាញវាដល់គាត់កាលពីឆ្នាំមុន។

នៅពេលដែលលោកគីមធ្វើទស្សនកិច្ចនៅភាគខាងកើតប្រទេសរុស្ស៊ីក្នុងខែកញ្ញា លោកពូទីនបានបង្ហាញលោកគីមនូវរថយន្តពាសដែកពណ៌ខ្មៅមួយ ដែលលោកប្រើ។ លោកគីមបានអង្គុយក្បែរពូទីនក្នុងឡាននោះនៅឯមជ្ឈមណ្ឌលអវកាស Vostochny Cosmodrome ហើយហាក់ដូចជារីករាយនឹងរថយន្តនេះណាស់។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយនៅពេលសួរអំពីអំណោយនេះថា «នៅពេលដែលប្រមុខកូរ៉េខាងជើងបានស្ថិតនៅឯ Vostochny cosmodrome គាត់បានក្រឡេកមើលរថយន្តនេះ ពូទីនបានបង្ហាញវាដល់គាត់ផ្ទាល់ ហើយដូចមនុស្សជាច្រើនទៀតដែរ លោកគីមចូលចិត្តរថយន្តនេះណាស់»។

Peskov បាននិយាយថា «ដូច្នេះការសម្រេចចិត្តនេះត្រូវបានធ្វើឡើង។ កូរ៉េខាងជើងគឺជាប្រទេសជិតខាងរបស់យើងជាអ្នកជិតខាងដ៏ជិតស្និទ្ធរបស់យើង ហើយយើងមានបំណង ហើយនឹងបន្តអភិវឌ្ឍទំនាក់ទំនងរបស់យើងជាមួយប្រទេសជិតខាងទាំងអស់ រួមទាំងកូរ៉េខាងជើងផងដែរ»។

រុស្ស៊ីបានបង្កើនទំនាក់ទំនងជាមួយកូរ៉េខាងជើង និងប្រទេសផ្សេងទៀតដែលមានអរិភាពជាមួយសហរដ្ឋអាមេរិកដូចជាអ៊ីរ៉ង់ ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមជាមួយអ៊ុយក្រែន ជាទំនាក់ទំនងមួយដែលជាប្រភពនៃការព្រួយបារម្ភចំពោះលោកខាងលិច។

អាមេរិក​បាន​ចោទ​កូរ៉េ​ខាង​ជើង​ថា​បាន​ផ្គត់ផ្គង់​​ដល់រុស្ស៊ីនូវគ្រាប់​កាំភ្លើង​ធំ និង​កាំជ្រួច​ដែល​ប្រើ​ក្នុង​ប្រទេស​អ៊ុយក្រែន។រដ្ឋាភិបាលក្រុងមូស្គូ និងក្រុងព្យុងយ៉ាងបានបដិសេធការចោទប្រកាន់របស់សហរដ្ឋអាមេរិក ប៉ុន្តែបានប្តេជ្ញាកាលពីឆ្នាំមុនថានឹងធ្វើឱ្យទំនាក់ទំនងយោធាកាន់តែស៊ីជម្រៅ។

ទីភ្នាក់ងារសារព័ត៌មាន KCNA ផ្លូវការរបស់កូរ៉េខាងជើង បាននិយាយថា ឡាន Limousine ផលិតដោយរុស្ស៊ី ត្រូវបានរុស្ស៊ីបញ្ជូនទៅកាន់ជំនួយការកំពូលរបស់លោកគីមកាលពីថ្ងៃទី ១៨ ខែកុម្ភៈឆ្នាំ២០២៤កន្លងទៅនេះ ៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *