ឪពុកជនជាតិអាមេរិកប្រឈមជាប់គុកមួយជីវិត ក្រោយកូនស្រីអាយុ២ឆ្នាំ យកកាំភ្លើងបាញ់មុខខ្លួនឯងរបួសធ្ងន់

ស រ អា ៖ បុរស​ម្នាក់​ក្នុង​រដ្ឋ Michigan កំពុង​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារអស់​មួយ​ជីវិត បន្ទាប់ពី​កូនស្រី​អាយុ​ពីរ​ឆ្នាំ​របស់​គាត់​បាន​បាញ់​ខ្លួនឯង​ចំមុខ​នឹង​កាំភ្លើងខ្លីពី​ក្បែរ​គ្រែដេក ហើយ​ពេលនេះ​កំពុងស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​។

លោក Michael Tolbert អាយុ ៤៤ ឆ្នាំមកពីទីក្រុង Flint មិនបានសារភាពកំហុសទេ បន្ទាប់ពីក្លាយជាមនុស្សដំបូងដែលត្រូវបានចោទប្រកាន់ក្រោមច្បាប់ថ្មីរបស់រដ្ឋ ដែលតម្រូវឱ្យមានការរក្សាទុកកាំភ្លើងដោយសុវត្ថិភាព។

ការចោទប្រកាន់នេះបានកើតឡើងបន្ទាប់ពីលោក Tolbert បានប្រញាប់ប្រញាល់បញ្ជូនកូនស្រីអាយុ ២ ឆ្នាំរបស់គាត់ទៅមន្ទីរពេទ្យនៅថ្ងៃបុណ្យនៃក្តីស្រឡាញ់ ដោយសារតែនាងបានបាញ់ខ្លួនឯងចំមុខ។

ប៉ូលិសបានរកឃើញ «ឈាម និងបញ្ហាខួរក្បាល» នៅក្នុងបន្ទប់គេងដែលនាងតូចឈ្មោះ Skye បានបាញ់ខ្លួននាងហើយលោក David Leyton ជារដ្ឋអាជ្ញានៅតំបន់ Genesee County បាននិយាយថា «មានអាវុធពីរដើមស្ថិតនៅលើគ្រែ»។

លោក John Potbury ជំនួយការអគ្គរដ្ឋអាជ្ញារងនៃតំបន់ Genesee County បាននិយាយថា លោក Tolbert ត្រូវបានកាត់ទោសកាលពីថ្ងៃចន្ទលើការចោទប្រកាន់ពីបទឧក្រិដ្ឋចំនួន ៩ រួមទាំងបទរំលោភបំពានលើកុមារកម្រិតទី ១ និងបទរំលោភលើច្បាប់នៃការរក្សាទុកកាំភ្លើងរបស់រដ្ឋ Michigan ។

លោក Potbury បាននិយាយថា Skye នៅតែសម្រាកនៅមន្ទីរពេទ្យកាលពីថ្ងៃពុធទី២១កុម្ភៈឆ្នាំ២០២៥ ក្នុងស្ថានភាពធ្ងន់ធ្ងរពីការបាញ់កាលពីថ្ងៃទី ១៤ ខែកុម្ភៈមកម៉្លេះ។ក្មេងស្រីតូចនេះបានបាញ់ខ្លួនឯង មួយថ្ងៃបន្ទាប់ពីច្បាប់សុវត្ថិភាពកាំភ្លើងធំថ្មីរបស់រដ្ឋ Michigan ចូលជាធរមាន។កាំភ្លើងខ្លីមួយដើម និងកាំភ្លើងខ្លីពាក់កណ្តាលស្វ័យប្រវត្តិមួយដើម ត្រូវបានរកឃើញនៅក្នុងផ្ទះគាត់នៅរដ្ឋ Michigan ។

លោក Leyton បាន​និយាយ​ថា “«កាំភ្លើងទាំង​ពីរ​មិន​មាន​សុវត្ថិភាព និង​ផ្ទុក​គ្រាប់ពេញៗ​។ មិន​មាន​សោ​ចាក់កាំភ្លើង ឬ​ទូសុវត្ថិភាព​នៅ​ខាង​ក្នុង​បន្ទប់​គេង​ខាង​មុខ​នោះ​ទេ»។ ការស៊ើបអង្កេតបានបញ្ជាក់ថា ការ​បាញ់​មួយ​គ្រាប់គឺបាញ់​ចេញ​ពី​កាំភ្លើង​ខ្លីធម្មតា ហើយ​រន្ធ​គ្រាប់​កាំភ្លើង​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ពិដាន។

Leyton បាននិយាយថា «គ្រាប់កាំភ្លើងបានចូលភ្នែកខាងស្តាំរបស់ក្មេងស្រីតូច ហើយបានចេញតាមក្រោយលលាដ៍ក្បាលរបស់នាង។ គ្រូពេទ្យបាននិយាយថានាងនឹងបាត់បង់ភ្នែកខាងស្តាំរបស់នាង»។

ម្តាយមីងរបស់ Skye ឈ្មោះ LaDorothy Griggs បាននិយាយថា នាងតូចគឺជា «មនុស្សរីករាយបំផុត កំប្លែង ស្រស់ស្អាត គួរឱ្យស្រលាញ់ និងផ្អែមល្ហែមបំផុត» ហើយថានាង «តស៊ូលំបាកខ្លាំងណាស់សម្រាប់ជីវិតរបស់នាង»៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *