បាត់បង់ជីវិត ២ នាក់ បាត់ខ្លួន ៣ នាក់នៅក្វាងចូវ បន្ទាប់ពីនាវាដឹកទំនិញបុកស្ពានលើទន្លេគុជខ្យង

ចិន ៖ មនុស្ស ២ នាក់បាននាត់បង់ជីវិត និង ៣ នាក់ទៀតកំពុងបាត់ខ្លួន បន្ទាប់ពីកប៉ាល់ដឹកទំនិញមួយគ្រឿងបានបុកចូលស្ពានឆ្លងកាត់ទន្លេគុជខ្យង ក្នុងទីក្រុងក្វាងចូវ ភាគខាងត្បូងប្រទេសចិន កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី ២២ កុម្ភៈឆ្នាំ២០២៤ ហើយមានសមាជិកនាវិកម្នាក់ក៏បានរងរបួសផងដែរ។

ការស៊ើបអង្កេតដំបូងបានរកឃើញថា រថយន្តចំនួន ៥ គ្រឿង រួមទាំងម៉ូតូមួយគ្រឿងផងដែរ បានស្ថិតនៅលើស្ពានLixinsha ក្នុងសង្កាត់ Nansha នៃទីក្រុងក្វាងចូវ នៅពេលដែលវាត្រូវបានបុកដោយកប៉ាល់ទទេ បណ្តាលឱ្យខូចស្ពាន។

រថយន្តពីរគ្រឿងបានធ្លាក់ចូលទៅក្នុងទន្លេ ខណៈបីគ្រឿងបានធ្លាក់លើនាវា ដែលកៀបនៅក្រោមចន្លោះប្រហោងស្ពាន។

ក្រុមហ៊ុនរថយន្តក្រុងក្វាងចូវបាននិយាយមុននេះថា អ្នកបើកបរម្នាក់បានស្ថិតក្នុងរថយន្តរបស់គាត់តែម្នាក់ឯងនៅពេលដែលវាធ្លាក់ពីលើស្ពាន។ គេ​នៅ​មិន​ទាន់​ដឹង​ថា​តើ​គាត់​ស្ថិត​ក្នុង​ចំណោម​អ្នក​បាត់បង់ជីវិតឬ​យ៉ាង​ណា​ទេមក​ទល់​ពេល​នេះ​។

កាពីទែននៃនាវាដឹកទំនិញ ដែលធ្វើដំណើរទៅកាន់ Nansha ពីសង្កាត់ Nanhai នៃទីក្រុង Foshan ត្រូវបានចាប់ខ្លួន។ នេះបើយោងតាមរបាយការណ៍របស់សារព័ត៌មាន Beijing News ដែលដកស្រង់សម្តីតំណាងសភាជាតិក្នុងតំបន់៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *