ឃើញសមត្ថកិច្ចជិះរត់គេច ត្រូវសមត្ថកិច្ចដេញចាប់បាន២នាក់ ជាមួយឧបករណ៍កាច់កម៉ូតូ

ភ្នំពេញ ៖ ជនសង្ស័យចំនួន២នាក់ក្នុងចំណោម៣នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចដេញឃាត់ខ្លួនបាន កាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅលើផ្លូវភ្នំពេញ-ហាណូយ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានឃើញសមត្ថកិច្ចប្រដេញតាម ម៉ូតូមួយគ្រឿងមានជនសង្ស័យ៣នាក់ ដោយសមត្ថកិច្ចបានបាញ់កាំភ្លើងឡើងលើមេឃជាច្រើនគ្រាប់ រួចម៉ូតូក្រុមជនសង្ស័យកៀរម៉ូតូសមត្ដកិច្ច ក៏ដួល ។ ភ្លាមៗ សមត្ថកិច្ចចាប់បាន០២នាក់ ឯជនសង្ស័យម្នាក់ទៀតបានរត់ផ្លោះរបងរត់គេចខ្លួនបាត់ ។ 

ប្រភពបន្តពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលឈានដល់ការឃាត់ខ្លួន សមត្ថកិច្ចកំពុងតែល្បាតក្នុងមូលដ្ឋាន ស្រាប់តែប្រទះឃើញជនសង្ស័យ៣នាក់ ជិះម៉ូតូឌុបគ្នាម៉ាក ស៊ុយស៊ូគី វីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HL-7029 ធ្វើដំណើរតាមបណ្តោយផ្លូវភ្នំពេញ-ហាណូយ ឆ្លងកាត់ពួកគាត់។  ដោយមានការសង្ស័យ ទើបសមត្ថកិច្ចហៅសួរស្រាប់តែជនសង្ស័យទាំង៣ ធ្វើសកម្មភាពជិះរត់គេចតែម្តង ។យ៉ាងណាក៏ដោយ សមត្ថកិច្ចមិនទាន់បង្ហាញពីអត្តសញ្ញាណពួកគេនៅឡើយ។

ក្រោយកើតហេតុ សមត្ថកិច្ចចាប់បាន០២នាក់ និងឆែកមើលឃើញមានវត្ថុតាងមួយចំនួន សង្ស័យជាឧបករណ៍សម្រាប់ធ្វើសកម្មភាពកាច់កម៉ូតូ ៕ (ដោយ ៖ BBN07)

Leave a Reply

Your email address will not be published. Required fields are marked *