លោកហ្សេលេនស្គីនិយាយថា ទាហានអ៊ុយក្រែន ៣១.០០០ នាក់បាត់បង់ជីវិត ចាប់តាំងពីការឈ្លានពានពេញទំហឹងរបស់រុស្ស៊ី

បរទេស ៖ លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា «ទាហានអ៊ុយក្រែន ៣១.០០០ នាក់ត្រូវបានបាត់បង់ជីវិតក្នុងអំឡុងការឈ្លានពានពេញទំហឹងរបស់រុស្ស៊ី»។

ប្រធានាធិបតី​អ៊ុយក្រែន​បាន​និយាយ​ថា «លោក​នឹង​មិន​ផ្តល់​ចំនួន​អ្នក​របួស​ទេ ព្រោះ​វា​នឹង​ជួយ​ដល់​ការរៀបផែនការ​យោធា​របស់​រុស្ស៊ី»។

ជាធម្មតា មន្ត្រីអ៊ុយក្រែនមិនបង្ហាញតួលេខជនរងគ្រោះជាសាធារណៈទេ ហើយការប៉ាន់ស្មានផ្សេងទៀតគឺមានខ្ពស់ជាងច្រើនណាស់។

រឿងនេះកើតឡើងបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិបាននិយាយថា ពាក់កណ្តាលនៃជំនួយរបស់លោកខាងលិចទាំងអស់សម្រាប់អ៊ុយក្រែនត្រូវបានពន្យារពេល ជាហេតុនាំឱ្យបាត់បង់ជីវិត និងទឹកដីជាច្រើន។

លោកហ្សេលេនស្គីបាននិយាយកាលពីថ្ងៃអាទិត្យថា «លោកផ្តល់ចំនួនអ្នកស្លាប់ថ្មីៗនេះ គឺដើម្បីឆ្លើយតបទៅនឹងតួលេខបំប៉ោង ដែលរុស្ស៊ីបានដកស្រង់។ ទាហានអ៊ុយក្រែន ៣១.០០០ នាក់បានបាត់បង់ជីវិតនៅក្នុងសង្រ្គាមនេះ។មិនមែន ៣០០.០០០ ឬ ១៥០.០០០ នាក់ ឬអ្វីក៏ដោយដែលលោកពូទីន និងក្រុមកុហករបស់គាត់កំពុងនិយាយនោះទេ។ប៉ុន្តែរាល់ការបាត់បង់នីមួយៗគឺជាការបាត់បង់ដ៏ធំធេងសម្រាប់ពួកយើង»។

និយាយអំពីការបាត់បង់កាន់តែទូលំទូលាយជាងនេះនៅក្នុងសង្រ្គាម លោកហ្សេលេនស្គីបាននិយាយថា ជនស៊ីវិលរាប់ម៉ឺននាក់បានបាត់បង់ជីវិត នៅក្នុងតំបន់នៃអ៊ុយក្រែនដែលកាន់កាប់ដោយរុស្ស៊ី ប៉ុន្តែចំនួនពិតនៅមិនទាន់ដឹងនៅឡើយ។«ខ្ញុំ​មិន​ដឹង​ថា​មាន​ប៉ុន្មាន​នាក់​ស្លាប់ ប៉ុន្មាន​នាក់​ត្រូវ​គេ​សម្លាប់ ប៉ុន្មាននាក់ត្រូវគេធ្វើ​ទារុណកម្ម ​ប៉ុន្មាន​នាក់​ត្រូវគេ​និរទេសនោះទេ»។

វាកម្រណាស់សម្រាប់អ៊ុយក្រែនក្នុងការផ្តល់ចំនួនអ្នកស្លាប់ខាងយោធា ហើយការប៉ាន់ប្រមាណផ្សេងទៀតបានបង្ហាញថាមានចំនួនខ្ពស់ជាងនេះ។

ចំណែកមន្ត្រី​អាមេរិក​កាលពី​ខែ​សីហា​បាន​ដាក់​ចំនួន​ទាហាន​អ៊ុយក្រែន​ដែល​បាន​បាត់បង់ជីវិត រហូត​ដល់​ទៅ ៧០.០០០នាក់ និង​របួស​ដល់​ទៅ ១២ ម៉ឺន​នាក់៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *