ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកដល់ថ្នាក់ដឹកនាំក្រោមឱវាទ ត្រូវមានភាពស្មោះត្រង់ក្នុងការងារ និងការធ្វើតេស្តរកសារធាតុញៀនក្នុងចំណោមមន្ត្រី

កណ្ដាល ៖ ក្នុងពិធីបិទសន្និបាត និងសម្ពោធសមិទ្ធផលនៅបណ្ឌិត្យសភានគរបាលកម្ពុជា នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានរម្លឹកដល់ថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់អង្គភាពនគរបាលជាតិ ត្រូវមានភាពស្មោះត្រង់ក្នុងការងារយុទ្ធនាការធ្វើតេស្តរកសារធាតុញៀន លើមន្រ្តីនគរបាលជាតិ ក៏ដូចជាការងារផ្សេងទៀត ក្នុងវិជ្ជាជីវៈជាមន្ត្រី។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានក្រើនរំលឹកកុំឱ្យថ្នាក់ដឹកនាំស្នងការដ្ឋាន និងអង្គភាពចំណុះក្រសួងមហាផ្ទៃ បិទបាំងករណីរកឃើញមន្រ្តីមានសារធាតុញៀន ឬមន្ត្រីប្រើប្រាស់គ្រឿងញៀន ដោយសារតែការទទួលបានផលប្រយោជន៍ ឬការយោគយល់ដល់មន្រ្តីជិតដល់អាយុចូលនិវត្តន៍ជាដើម។ ឯកឧត្តម ក៏បានផ្ដាំផ្ញើកុំឱ្យមានការព្រួយបារម្ភខ្លាចបាត់មន្រ្តី ពីព្រោះក្រសួង នឹងផ្ដល់ចំនួនក្របខណ្ឌថ្មីជំនួសឱ្យអ្នកចាស់ ដែលបានបណ្ដេញចេញ។

ជាមួយគ្នានោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានមានប្រសាសន៍ណែនាំឱ្យថ្នាក់ដឹកនាំ និងមន្រ្តីក្រោមឱវាទក្រសួងមហាផ្ទៃទាំងអស់ ទាំងមន្រ្តីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្រ្តីពន្ធនាគារ យកចិត្តទុកដាក់គោរពពេលវេលាបំពេញការងារឱ្យបានត្រឹមត្រូវ និងបានណែនាំឱ្យអគ្គនាយកដ្ឋានធនធានមនុស្ស អនុវត្តគ្រប់យន្តការ និងមធ្យោបាយ ដើម្បីធានាថាមន្រ្តីទាំងអស់ ពិតជាបានមកបំពេញការងារត្រឹមត្រូវ ស្របតាមច្បាប់ និងគោលការណ៍របស់អង្គភាព។

ពីវេទិកាធិបតីនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានកោតសរសើរចំពោះសមិទ្ធផលទាំងឡាយ ជាពិសេសលទ្ធផលនៃការបណ្ដុះបណ្ដាលមន្រ្តីនគរបាលជាតិ ដែលបណ្ឌិត្យសភានគរបាលកម្ពុជា សម្រេចបាន ដោយបានគូសបញ្ជាក់ទៀតថា សមិទ្ធផលនេះ ក៏ដូចជាសមិទ្ធផលជាតិផ្សេងទៀត សុទ្ធតែអាចកើតឡើងបានដោយសារកត្តាសុខសន្តិភាព និងភាពប៉ិនប្រសប់នៃការដឹកនាំ របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី នៃកម្ពុជា។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ទៀតថា ឈរលើមរតកនៃសមិទ្ធផលជាតិជាប្រវត្តិសាស្ត្រនេះ នៅក្នុងអាណត្តិទី៧ នៃរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រសួងមហាផ្ទៃ នៅតែបន្តយកចិត្តទុកដាក់ខ្ពស់ និងគាំទ្រដល់កម្មវិធីកំណែទម្រង់របស់បណ្ឌិត្យសភានគរបាលកម្ពុជា ក្នុងការអភិវឌ្ឍធនធានមនុស្ស ឱ្យបានគ្រប់គ្រាន់ ក្នុងជួរកងកម្លាំងនគរបាលជាតិ ឱ្យមានសមត្ថភាព និងជំនាញវិជ្ជាជីវៈពិតប្រាកដ ដើម្បីរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ឱ្យបានល្អប្រសើរជូនជាតិ និងប្រជាពលរដ្ឋ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល៕ ដោយ ៖ ហួត សម្បត្តិ 

Leave a Reply

Your email address will not be published. Required fields are marked *