អ្នកវិទ្យាសាស្ត្ររកឃើញថា បុរសដុះក្បាលពោះដោយសារប៊ីយែរ ប្រឈមមុខនឹងជំងឺវង្វេង

បរទេស ៖ ការ​សិក្សា​មួយ​បាន​រក​ឃើញ​ថា ការដុះក្បាលពោះ​ដោយសារស្រា​បៀរ​អាច​ធ្វើ​ឱ្យ​ខួរក្បាល​ឆាប់​ចាស់ និង​ធ្វើឱ្យថយចុះ​ការ​យល់​ដឹង​ចំពោះ​បុរស​វ័យ​កណ្តាល ។ នេះបើយោងតាមកាសែតដេល្លីម៉ែលចុះផ្សាយកាលពីថ្ងៃទី២៧ខែកុម្ភៈ ឆ្នាំ២០២៤។

អ្នក​ ដែល​មានខ្លាញ់ក្បាលពោះច្រើន និង​មាន​ប្រវត្តិ​គ្រួសារ​កើត​ជំងឺ Alzheimer ត្រូវ​បាន​គេ​រក​ឃើញ​ថា​«មាន​មុខងារ​ខួរក្បាល​ទាប»។ អ្នកស្រាវជ្រាវជឿថា ខ្លាញ់ខ្ពស់នៅក្នុងលំពែង និងថ្លើមអាចនាំឱ្យមានហានិភ័យខ្ពស់នៃជំងឺវង្វេង។ទោះយ៉ាងណាក៏ដោយ នេះមិនមែនជាករណីសម្រាប់ស្ត្រីនោះទេ។

លោកស្រី Michal Schnaider Beeri មកពី Rutgers Health រដ្ឋ New Jersey បាននិយាយថា «ចំពោះបុរសវ័យកណ្តាលដែលមានហានិភ័យខ្ពស់នៃជំងឺ Alzheimer, ប៉ុន្តែមិនមែនស្ត្រី ខ្លាញ់លំពែងខ្ពស់ត្រូវបានផ្សាភ្ជាប់ជាមួយនឹងការថយចុះនៃការយល់ដឹង និងបរិមាណខួរក្បាល ដែលនេះចង្អុលបង្ហាញពីទំនាក់ទំនងភេទជាក់លាក់រវាងខ្លាញ់ក្បាលពោះខុសធម្មតាជាមួយនឹងសុខភាពខួរក្បាល»។

អ្នកស្រាវជ្រាវបានសិក្សាទៅលើមនុស្សវ័យកណ្តាលដែលមានសុខភាពល្អចំនួន ២០៤ នាក់ដែលមានប្រវត្តិគ្រួសារកើតជំងឺភ្លេចភ្លាំង។ ពួកគេបានរកឃើញថា បុរសដែលមានខ្លាញ់ក្បាលពោះខ្ពស់ មានមុខងារយល់ដឹងទាប។

ការសិក្សាពីមុនបានបង្ហាញថា បុរសដែលមាន BMI ខ្ពស់ មានហានិភ័យខ្ពស់នៃជំងឺវង្វេង។ ប៉ុន្តែ​ការស្រាវជ្រាវ​ថ្មី​នេះ​បង្ហាញ​ថា ​បញ្ហា​គឺជាប់ទាក់ទង​ជាពិសេស​ទៅនឹង​ការរាលដាល​ក្នុងចំណោមបុរស​វ័យ​កណ្តាល​។

លោកស្រី Sapir Golan Shekhtman មកពីមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Sheba ក្នុងប្រទេសអ៊ីស្រាអែលបានបន្ថែមថា «ការរកឃើញរបស់យើងបង្ហាញពីទំនាក់ទំនងខ្លាំងជាងបើប្រៀបធៀបទៅនឹងទំនាក់ទំនងរវាង BMI និងការយល់ដឹង ដែលនេះបង្ហាញថា ការកកើតខ្លាញ់ក្បាលពោះជាជាង BMI គឺជាកត្តាហានិភ័យសម្រាប់មុខងារនៃការយល់ដឹងទាប និងហានិភ័យនៃជំងឺវង្វេងខ្ពស់»។ ការ​សិក្សា​នេះ​ត្រូវ​បាន​ចុះ​ផ្សាយ​ក្នុង​ទស្សនាវដ្ដី Obesity ៕

Leave a Reply

Your email address will not be published. Required fields are marked *