បញ្ជូនជនសង្ស័យ៦នាក់ឡើងតុលាការ ពាក់ព័ន្ធករណីប្រើហិង្សាដោយចេតនាវាយសម្លាប់ជនជាតិទួរគី នៅខណ្ឌដូនពេញ

ភ្នំពេញ ៖ ជនសង្ស័យ៦នាក់ត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការ នាថ្ងៃទិ២៧កុម្ភៈឆ្នាំ២០២៤ម្សិលមិញ ពាក់ព័ន្ធករណីប្រើហិង្សា ដោយចេតនាវាយសម្លាប់ជនជាតិទួរគីនិងឃាត់ខ្លួនជនសង្ស័យ៦នាក់ នៅចំណុចផ្ទះលេខ១៦អឺ០ហ្សេតភូមិ១០ សង្កាត់ផ្សាថ្មី៣ ខណ្ឌដូនពេញ ប្រព្រឹត្តល្មើសកាលនៅយប់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤កន្លងទៅ។

ប៉ូលិសនិយាយថា ជនសង្ស័យ៦នាក់រួមមាន ១-ឈ្មោះប៉ាវ គន្ធមុន្នី ភេទស្រី ,២-ឈ្មោះ វ៉ាន់ ហួត ភេទប្រុស,៣-ឈ្មោះ ប៉ាវ គន្ធសុធា ហៅចូជ ,៤-ឈ្មោះ ឃួយ ម៉ិញគាត ភេទប្រុស ,៥-ឈ្មោះ ងួន វណ្ណៈ ហៅឆៃ ភេទប្រុសនិង៦-ឈ្មោះប៉ាវ គន្ធសុធី ភេទប្រុស។ ពួកគេស្នាក់នៅភូមិ១០ សង្កាត់ផ្សាថ្មី៣ ខណ្ឌដូនពេញ ។

ចំណែកជនបរទេសឈ្មោះ ONTURK UFUK ភេទប្រុស កើតឆ្នាំ១៩៧១ ជនជាតិទួរគី មុខរបរទេសចរណ៍ កាន់លិខិតឆ្លងដែនលេខG០០១១១៧៥៧ ស្នាក់នៅបន្ទប់ជួលលេខ៣ ទីតាំងផ្ទះកើតហេតុខាងលើ។

បើតាមសម្ដីស្រ្តីម្នាក់បានឱ្យដឹងថា មុនពេលកើតហេតុ សាច់ញាតិគាត់ បានអង្គុយហូបអីនៅខាងក្រោមផ្ទះ ក្រោយមកក៏ឃើញបុរសរងគ្រោះ ជាជនបរទេសរូបនោះ បានអង្គុយជក់បារី នៅខាងលើក្បែរបន្ទប់ជួលរបស់គេនោះ ។ បន្ទាប់មកពុំដឹងថា មានរឿងនិងបញ្ហាអ្វីនោះទេ បរទេសនោះក៏បានទម្លាក់ចាន ចុះមកក្រោមប៊ិះត្រូវបុរសជាកូនម្ចាស់ផ្ទះ ។ 

ប្រភពបន្តថា ពេលនោះស្រ្តីជាម្ចាស់បន្ទប់ជួល បានឡើងទៅមើលនិងសួនាំ ក៏ត្រូវជនបរទេសរូបនោះ ទាញញញួរវាយទៅលើស្រ្តីរូបនោះរងរបួសតិចតួច បន្ទាប់មកបុរសជាប្តីក៏ឡើងទៅជួយ ក៏ត្រូវជនបរទេសនោះ វាយនិងញញួរឱ្យរបួសដូចគ្នា ទើបបង្កឱ្យសាច់ញាតិនិងអ្នកក្បែរខាង បានព្រួតគ្នាឡើងទៅ វាយបុរសជនបរទេសរូបនោះ បណ្ដាលឲ្យស្លាប់តែម្ដង ។ នាយប់ថ្ងៃដដែល សមត្ថកិច្ចបានឃាត់ជនបង្កពាក់ព័ន្ធ៦នាក់ យកទៅសាកសួរ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានសង្កាត់ផ្សារថ្មីទី៣ ចុះមកដល់ទីតាំងកើតហេតុ និងសមត្ថកិច្ចជំនាញកោសល្យវិច័យ បានសន្និដ្ឋានថា«ជនបរទេសស្លាប់ដោយសារប៉ះទង្គិចក្បាល និងខ្លួនប្រាណធ្ងន់ធ្ងរ ដោយវាយបណ្ដាលឱ្យស្លាប់» ។សាកសពតម្កល់នៅវត្តទឹកថ្លា។ 

បច្ចុប្បន្នជនសង្ស័យទាំង៦នាក់ បានឃាត់ខ្លួនជាបណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជួនសាលាដំបូងរាជធានីដើម្បីចាត់ការតាមនីតិវិធី៕ (ដោយ ៖ BBN07)

Leave a Reply

Your email address will not be published. Required fields are marked *