នគរបាលក្របួចបាន២នាក់ ភ្លាមៗក្រោយឆក់ទូរសព្ទពីស្ត្រីជនជាតិអ៉ីរ៉ង់ នៅមូលដ្ឋានខណ្ឌដូនពេញ

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ ត្រូវនគរបាលការិយាល័យព្រហ្មទណ្ឌ ក្រសួងមហាផៃ្ទចាប់ខ្លួន ក្រោយពីធ្វើសកម្មភាពឆក់ទូរសព្ទដៃពីស្ត្រីជនជាតិអ៉ីរ៉ង់ម្នាក់បានសម្រេច ហើយកម្លាំងការិយាល័យកំពុងល្បាត  ក៏ឃើញដេញឃាត់បានជាក់ស្តែងបានតែម្តង នៅវេលាម៉ោង៧និង៣៣នាទីយប់ ថ្ងៃទី២៧ កុម្ភៈ ២០២៤ នៅផ្លូវលេខ៥១កែងផ្លូវលេខ២២២ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ ។

លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋានទទួលផែន បានឱ្យដឹងថា លោកបានដឹកនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់​ ដែលមានលោក​វរសេនីយ៍ឯក​ ញ៉ែម​ វន​ នាយការិយាល័យព្រហ្មទណ្ឌ ដោយមានការចូលរួមសហការពីលោកវរសេនីយ៍ទោ ប៊ុត ស៉ីម៉េង នាយការិយាល័យ  ចុះល្បាតតាមផ្លូវក៏ប្រទះឃេីញជនសង្ស័យ​​ ជិះម៉ូតូចំនួន០១គ្រឿងមានគ្នាចំនួន០២នាក់ បានធ្វេីសកម្មភាព​ឆក់​ទូរសព្ទពីនារីរងគ្រោះជាជនជាតិអុីរ៉ង់ ដែលកំពុងដេីរបានសម្រេច។ 

ភ្លាម​នោះកម្លាំងជំ​នាញ​ការិយាល័យធ្វេីការប្រដេញនឹង ​ឃាត់ខ្លួនជនសង្ស័យបានទាំង២នាក់ នៅចំណុចផ្លូវសម្តេចតេជោហ៊ុនសែន(ក្រោយវិមានរដ្ឋសភា) ក្នុងសង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន រាជធានី​ភ្នំពេញ។

បច្ចុប្បន្ន​កម្លាំងជំនាញបាននាំជនសង្ស័យខាងលេី​ បញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី។រីឯទូរសព្ទដែលជនសង្ស័យឆក់បានសមត្ថកិច្ចបានប្រគល់ជូនជនរងគ្រោះវិញហើយ ៕(ដោយ ប៉ូច គឹមសុខ)

Leave a Reply

Your email address will not be published. Required fields are marked *