លោកម៉ាកូសនិយាយថា ហ្វីលីពីនកំពុងស្ថិតនៅ «សមរភូមិជួរមុខ»នៃជម្លោះដែនសមុទ្រ ហើយនឹងមិនឱ្យបាត់បង់ទឹកដីសូម្បី «១មួយមិល្លីម៉ែត្រ»

បរទេស ៖ ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos បានប្រាប់សភាអូស្ត្រាលីថា ប្រទេសរបស់លោកកំពុងស្ថិតនៅ «ជួរមុខ»នៃសមរភូមិដើម្បីសន្តិភាពក្នុងតំបន់កាលពីថ្ងៃព្រហស្បតិ៍ ថ្ងៃទី ២៩ ខែកុម្ភៈឆ្នាំ២០២៤ ដោយសន្យាតាំងចិត្តមោះមុត ខណៈដែលលោកស្វែងរកការគាំទ្រក្នុងជម្លោះដែនសមុទ្រជាមួយចិន។

ជាមួយនឹងនាវាចម្បាំងរបស់រដ្ឋាភិបាលក្រុងប៉េកាំងត្រូវបានរកឃើញនៅក្នុងដែនទឹកក្បែរឆ្នេរសមុទ្រនៃប្រទេសរបស់គាត់ លោក Marcos បានប្រាប់សមាជិកសភាអូស្ត្រាលីថា «ឥឡូវនេះហ្វីលីពីនបានរកឃើញខ្លួនឯងស្ថិតនៅសមរភូមិជួរមុខប្រឆាំងនឹងសកម្មភាពដែលបំផ្លាញសន្តិភាពក្នុងតំបន់ បំផ្លាញស្ថិរភាពក្នុងតំបន់ និងគំរាមកំហែងដល់ភាពជោគជ័យក្នុងតំបន់»។ លោក​បាន​ប្តេជ្ញា​ថា​«នឹង​រក្សា​ភាព​រឹងមាំ​ក្នុង​ការ​ការពារ​អធិបតេយ្យភាព​របស់​ប្រទេស​លោក»។

លោក Marcos បាននិយាយទៅកាន់អ្នកទះដៃអបអរសាទរខ្លាំងៗ ថា «ខ្ញុំនឹងមិនអនុញ្ញាតឱ្យមានការប៉ុនប៉ងដោយមហាអំណាចបរទេសណាមួយដើម្បីយកទឹកដីអធិបតេយ្យភាពរបស់យើងសូម្បីមួយមិល្លីម៉ែត្រ។ បញ្ហាប្រឈមដែលយើងប្រឈមមុខអាចជារឿងគួរឱ្យខ្លាច ប៉ុន្តែអ្វីដែលគេខ្លាចដែរនោះគឺការតាំងចិត្តរបស់យើង។ យើងនឹងមិនចុះចាញ់ឡើយ»។

អាជ្ញាធរហ្វីលីពីនក្នុងសប្តាហ៍នេះបាននិយាយថា ពួកគេបានរកឃើញនាវាកងទ័ពជើងទឹកចិននៅជុំវិញតំបន់ថ្មប៉ប្រះទឹកScarborough Shoal ជាតំបន់ដែលត្រូវបានកាន់កាប់ដោយទីក្រុងប៉េកាំងក្នុងឆ្នាំ ២០១២។

ចិនបានអះអាងថា តំបន់ថ្មប៉ប្រះទឹកនេះ និងតំបន់សមុទ្រចិនខាងត្បូងស្ទើរទាំងស្រុងជាកម្មសិទ្ធិរបស់ខ្លួន ដោយមិនអើពើនឹងការជំទាស់ក្នុងតំបន់ និងសេចក្តីសម្រេចរបស់តុលាការអន្តរជាតិ ដែលថាការអះអាងនេះមិនមានមូលដ្ឋានច្បាប់៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *