ផ្ទះសមាជិកសមាគមរាជសីហ៍ស្រុកជាំក្សាន្ត ត្រូវព្រះអគ្គីលេបត្របាក់

ជាំក្សាន្ត,ព្រះវិហារ ៖ លំនៅដ្ឋាន១ខ្នងរបស់សមាជិក នៃ អនុសាខាសមាគមរាជសីហ៍ស្រុកជាំក្សាន្ត ត្រូវភ្លើងឆេះគ្មានសល់ កើតឡើងកាលពីវេលាម៉ោងប្រមាណ៧និង ៤០នាទីព្រឹក ថ្ងៃទី០២មីនាឆ្នាំ២០២៤នេះ ស្ថិតនៅភូមិចំបក់សែនជ័យឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

សមត្ថកិច្ចនិយាយថា ម្ចាស់ផ្ទះឈ្មោះកង ណារិន ភេទស្រី អាយុ៤០ឆ្នាំ មុខរបរជាជំនួយការភូមិនិងជាសមាជិកសមាគមរាជសីហ៍ស្រុកជាំក្សាន្ត និងប្តីឈ្មោះ ឃុត សម្បត្តិ អាយុ៥៣ឆ្នាំ កាន់ការងារផ្នែករដ្ឋបាល នៃយោធាវរៈ៣៨១ ប្រចាំស្រុកជាំក្សាន្ត ហើយមានសមាជិកគ្រួសារ៥នាក់ ។

សមត្ថកិច្ចបន្តថា ផ្ទះដែលឆេះជាផ្ទះទាមជញ្ជាំងក្តារ ក្រាលឥដ្ឋការ៉ូ ដំបូលប្រក់ស័ង្កសី មានទំហំ១១ម៉ែត្រគុណនឹង១៦ម៉ែត្រ ។ សម្ភារដែលឆេះរួមមាន គ្រែជើងគ្រុឌ១, តុ១, ទូចាន១, ម៉ាស៊ីនដេរ៤គ្រឿង, ម៉ាស៊ីនកាត់ស្មៅ១, ធុងបាញ់ថ្នាំ១, សូឡា៤ផ្ទាំង, អាគុយ៤គ្រឿង, ឯកសារប្លង់ដី សៀវភៅគ្រួសារ អត្រានុកូលដ្ឋាន អត្តសញ្ញាណបណ្ណ ប្តីប្រពន្ធ កូន , កុំព្យូទ័រ១គ្រឿង,ឯកសារបញ្ជីកងទ័ព ,លុយសមាគមភូមិ៤០លានរៀល, លុយផ្ទាល់ខ្លួន១លាន៥សែនរៀល,អង្ករ៥០គីឡូក្រាម,សម្លៀកបំពាក់…ឆេះអស់ទាំងស្រុង។ ចំពោះមូលហេតុឆេះកំពុងស្រាវជ្រាវ។

ស្ត្រីកង ណារិន បាននិយាយថា ពេលនេះនាងកំពុងជួបការលំបាកយ៉ាងខ្លាំង ព្រោះនៅសល់តែខោអាវមួយចង្កេះម្នាក់ប៉ុណ្ណោះ ៕(ដោយ ៖ SAKARA)

Leave a Reply

Your email address will not be published. Required fields are marked *