សមត្ថកិច្ចអះអាងពីមូលហេតុ ឆេះរថយន្តដឹកភ្ញៀវទេសចរ៣គ្រឿង នៅចំណតរថយន្តមុខប្រាសាទអង្គរវត្ត

សៀមរាប ៖ មានករណីផ្ទុះរថយន្តដឹកភ្ញៀវទេសចរចំនួន៣គ្រឿង និង របួសមនុស្ស២នាក់  នៅទីតាំងចំណតរថយន្តមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប បើតាមសមត្ថកិច្ចជំនាញបញ្ជាក់ថា ឆេះបណ្តាលមកពីលក្ខណៈបច្ចេកទេសរបស់រថយន្ត ៤៥កៅអីមួយគ្រឿង រហូតដល់ឆេះរាលដាលដល់រថយន្តចតក្បែរ ២គ្រឿងទៀត។ 

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តសៀមរាបបានឱ្យដឹងថា នៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤វេលាម៉ោង ០៥និង៥០នាទី មានករណីឆេះផ្ទុះរថយន្តដឹកភ្ញៀវទេសចរ ៤៥កៅអី ១គ្រឿង នៅទីតាំងចំណតរថយន្តមុខប្រាសាទអង្គរវត្ត។

តាមរយៈរបាយការណ៍ស្រាវជ្រាវបឋមរបស់សមត្ថកិច្ច រដ្ឋបាលខេត្តសូមជម្រាបជូនថា រថយន្ត ៤៥កៅអី មួយគ្រឿងខាងលើនេះ បានដឹកភ្ញៀវទេសចរឱ្យចូលមើលថ្ងៃរះក្នុងបរិវេណប្រាសាទអង្គរវត្ត រួចចូលចំណតចតជាធម្មតាដោយមានរថយន្តចតក្បែរផងដែរ។ 

មូលហេតុនៃការឆេះផ្ទុះនេះ គឺជាឧបទ្ទវហេតុបណ្តាលមកពីលក្ខណៈបច្ចេកទេសរបស់រថយន្ត ៤៥កៅអីមួយគ្រឿងដែលមានស្លាកលេខ ភ្នំពេញ 3E-4674 រហូតដល់ឆេះរាលដាលដល់រថយន្តចតក្បែរ ២គ្រឿងទៀត។ 

គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បាននិងកំពុងសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងបានណែនាំដល់សមត្ថកិច្ចជំនាញរបស់ រដ្ឋបាលខេត្ត ដើម្បីស្រាវជ្រាវបន្ថែមទៀតអំពីហេតុការណ៍ដែលបានកើតឡើងនេះ។

រដ្ឋបាលខេត្តសូមជម្រាបជូនបន្ថែមថា ករណីគ្រោះថ្នាក់នេះមិនបានបង្កឱ្យរងរបួសដល់ភ្ញៀវទេសចរនោះទេ ដោយបានបង្កការខូចខាតរថយន្តចំនួន ៣គ្រឿង ក្នុងនោះរថយន្តប្រភេទ ៤៥កៅអី ២ គ្រឿង ,រថយន្ត ២៤កៅអី ១គ្រឿង និងបណ្តាលឱ្យរងរបួសមនុស្ស ២នាក់។

រដ្ឋបាលខេត្ត សូមស្នើដល់សារព័ត៌មានជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋ ចៀសវាងការ ផ្សព្វផ្សាយព័ត៌មានដោយធ្វើការសន្និដ្ឋាន ឬដោយការយល់ឃើញណាមួយផ្ទាល់ខ្លួន មិនមានមូលដ្ឋាន ច្បាស់លាស់ ឬមានចេតនាញុះញង់ បង្កផលប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ និងសេដ្ឋកិច្ចសង្គម ដែលឈានទៅដល់ការទទួលខុសត្រូវចំពោះមុខច្បាប់៕( ដោយ គា សំណាង)

Leave a Reply

Your email address will not be published. Required fields are marked *