ប៉ូលិសឥណ្ឌាចាប់ខ្លួនមនុស្ស៨នាក់ ក្រោយការចាប់រំលោភបូក លើស្ត្រីអ្នកទេសចរអេស្ប៉ាញ

ឥណ្ឌា ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍កាលពីថ្ងៃអង្គារទី ៥ ខែមីនាឆ្នាំ២០២៤ថា ប៉ូលិសឥណ្ឌាបានចាប់ខ្លួនបុរសចំនួន ៥ នាក់បន្ថែមទៀត ពាក់ព័ន្ធនឹងការរំលោភបូកលើអ្នកទេសចរជនជាតិអេស្ប៉ាញម្នាក់ ដោយនាំឱ្យមានការឃាត់ខ្លួនសរុបដល់ទៅ ៨ នាក់។

ការវាយប្រហារលើស្ត្រីរូបនេះ ដែលជិះម៉ូតូជាមួយប្តីរបស់នាង បានកើតឡើងកាលពីសប្តាហ៍មុន នៅក្នុងស្រុកDumka ក្នុងរដ្ឋ Jharkhand ភាគខាងកើតប្រទេសឥណ្ឌា ជាកន្លែងដែលប្តីប្រពន្ធកំពុងបោះតង់។

ទីភ្នាក់ងារសារព័ត៌មាន Press Trust of India (PTI) បានចាក់ផ្សាយវីដេអូរបស់ជនសង្ស័យចំនួន ៥ នាក់ ចាប់វ៉ៃខ្នោះ និង ចងជាប់គ្នាជាជួរដោយខ្សែពួរនៅចំពោះមុខមន្ត្រីប៉ូលិស។

កាល​ពី​ថ្ងៃ​ចន្ទ បុរស​បី​នាក់​ផ្សេង​ទៀត​បាន​បង្ហាញ​ខ្លួន​នៅ​តុលាការ ដោយ​មាន​បាវគ្រប​ក្បាល ហើយ​ក្រោយ​មក​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​មន្ទីរ​ឃុំឃាំង។

មន្ត្រីប៉ូលិសជាន់ខ្ពស់ក្នុងតំបន់លោក Pitamber Singh Kherwar បាននិយាយថា «អ្នកទាំងបីនាក់ដែលត្រូវបានចាប់ខ្លួនមុននេះ បានផ្តល់សេចក្តីថ្លែងការណ៍ថ្មីមួយ ដែលក្នុងនោះពួកគេបានរៀបរាប់ឈ្មោះចំនួនប្រាំនាក់ទៀត ដូច្នេះរហូតមកដល់ពេលនេះ យើងបានចាប់ខ្លួនពិរុទ្ធជនចំនួន ៨ នាក់ហើយ»។ នេះបើយោងតាម PTI ។

លោក Kherwar បាននិយាយថា «បុរសទាំងនេះ ប្រសិនបើរកឃើញថាមានកំហុស នឹងត្រូវប្រឈមមុខនឹង ការដាក់ទណ្ឌកម្មយ៉ាងតឹងរ៉ឹង។ យើង​កំពុង​កសាងសំណុំ​រឿង​ដ៏​រឹង​មាំ​​ប្រឆាំង​នឹង​ពួក​គេ»។

ទូរទស្សន៍ NDTV បានរាយការណ៍ថា អាជ្ញាធរបានប្រគល់មូលប្បទានប័ត្រចំនួន ១២.០០០ ដុល្លារអាមេរិកទៅឱ្យប្តីប្រពន្ធនេះជាសំណងក្រោម «គម្រោងសំណងជនរងគ្រោះ»៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *