រាយខ្សែភ្លើង ឆក់ត្រី ខុសបច្ចេកទេស បណ្តាលអោយឆក់ខ្លួនឯងស្លាប់

ភ្នំពេញ ៖ បុរសពោះម៉ាយម្នាក់បាន តរាយខ្សែភ្លើងយកទៅឆក់ត្រីក្នុងស្រះទឹកខាងក្រោយផ្ទះ ភ្លាត់ស្នៀត ឆ្លងឆក់ស្លាប់ខ្លួនឯង ទោះខំជួយសង្គ្រោះ តែបានស្លាប់បាត់ទៅហើយ ហេតុការណ៍ កាលពីវេល ម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី០៨ ខែមិនា ឆ្នាំ២០២៤ នៅក្នុងភូមិត្មាតពង សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ។

ជនរងគ្រោះ ឈ្មោះ សុិន រដ្ឋា ភេទប្រុស អាយុ៣១ឆ្នាំ ជាបុរសពោះម៉ាយ មានកូនប្រុស១នាក់ រស់នៅជាមួយម្តាយ ឈ្មោះ មាស រឿន អាយុ៦៦ឆ្នាំ មុខរបរកសិករ រស់នៅភូមិកើតហេតុ ។

តាមក្រុមគ្រួសារបានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ តរាយខ្សែភ្លើងចេញពីផ្ទះ ចងភ្ជាប់ជាមួយដងឫស្សី យកទៅឆក់ត្រី ក្នុងស្រះទឹកខាងក្រោយផ្ទះ ចម្ងាយជាង៥០ម៉ែត្រ ចំណែកកូនប្រុសតូចម្នាក់អាយុ៤ឆ្នាំ នៅអង្គុយមាត់ស្រះ ខណៈកំពុងរៀបឆក់ត្រីស្រាប់តែឆក់ខ្លួនឯងប្រកាច់ធ្លាក់ចូលក្នុងទឹកស្រះ កូនឃើញស្រែកយំ ត្រូវបានម្តាយបង្កេីតរត់ទៅជួយ បងប្អូនផ្តាច់ចរន្តខ្សែភ្លើងចេញ ស្រង់ឡើងគោក ព្យាយាមជួយជនរងគ្រោះ មិនអស់ចិត្តហៅរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ទៅដល់ពិនិត្យជាក់ស្តែង ជនរងគ្រោះបានស្លាប់តាំងពីមុនក្រុមសង្គ្រោះទៅដល់។

សពជនរងគ្រោះត្រូវបានសមត្ថកិច្ចមូលដ្ឋាន សមត្ថកិច្ចជំនាញ ស្នងការក្រុងភ្នំពេញ ធ្វើការពិនិត្យកោសល្យវិច័យ រួចប្រគល់ជូនក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រណៃណី ៕
ដោយ : ប៉ូចគឹមសុខ

Leave a Reply

Your email address will not be published. Required fields are marked *