កូនប្រុស កាប់ឪពុកខ្លួនឯងរហូតស្លាប់ ដោយសារអំណាចថ្នាំញៀន   

កណ្ដាល ៖ អំណាចគ្រឿងញៀនបានធ្វើឱ្យយុវជនម្នាក់ ដាច់ចិត្តកាប់ឪពុកបង្កើតខ្លួនឯងនឹងកាំបិតផ្គាក់រហូតដល់ស្លាប់កើតឡើងកាលពីវេលាម៉ោង៣និង៣៥នាទីរសៀល ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤កន្លងទៅ នៅភូមិទន្លាប់ ឃុំព្រៃពួចស្រុកអង្គស្នួល ខេត្តកណ្ដាល ហើយបានបញ្ជូនឡើងតុលាការនាថ្ងៃទី១២មីនាឆ្នាំ២០២៤នេះ។

សមត្ថកិច្ចនិយាយថា ជនដៃដល់ឈ្មោះសួន រតនៈ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិឃុំកើតហេតុខាងលើ បានប្រើប្រាស់ថ្នាំញៀន បន្ទាប់ពីសមត្ថកិច្ចពិនិត្យទឹកនោមឃើញមានសារធាតុញៀន។ ចំណែកជនរងគ្រោះជាឪពុកឈ្មោះ សួន ផល្លីង អាយុ៥៩ឆ្នាំ មុខរបរជាមន្រ្តីយោធា រស់នៅភូមិ ឃុំកើតហេតុខាងលើ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ រស់នៅក្នុងភូមិជាមួយជនរងគ្រោះ បានឱ្យដឹងថា ជនដៃដល់និងជនរងគ្រោះបានផឹកស៊ីជាមួយគ្នា លុះពេលស្រវឹងស្រាប់តែជនដៃដល់ មានទំនាស់ជាមួយប្រពន្ធដែលទើប និងសម្រាលកូនរួចដោយបានវាយប្រពន្ធចំនួន២ដៃ។ 

បន្ទាប់ពីបានឃើញបែបនេះ ជនរងគ្រោះដែលឪពុក បានចូលទៅឃាត់ ក៏ត្រូវជនដៃដល់ធ្វើការវាយតប់គ្នាជាមួយគាត់ហើយត្រូវបានកូនប្រុសម្នាក់ទៀត រួមទាំងអ្នកជិតខាងចូលទៅជួយឃាត់បំបែកដែរ ប៉ុន្តែជនសង្ស័យជាកូនប្រុសរូបនោះមិនព្រមស្ងប់ចិត្តទេ បានរត់ទៅយកកាំបិតផ្គាក់រួចកាប់ឪពុកជាច្រើនកាំបិត រហូតដួលស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្ដង។ 

ក្រោយពេលកើតហេតុ ប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រៃពួចឱ្យជួយអន្តរាគមន៍ភ្លាមៗហើយនគរបាលប៉ុស្តិ៍បានចុះទៅឃាត់ខ្លួនជនដៃដល់រួចនាំទៅកាន់អធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីសាកសួរនិងចាត់ការតាមនីតិវិធីច្បាប់៕(ដោយ ៖ SAKARA)

Leave a Reply

Your email address will not be published. Required fields are marked *