ជនជាតិវៀតណាម២៦នាក់ ដែលលួចធ្វើសកម្មភាពកាយរ៉ែមាស៦ទីតាំង នៅតំបន់កន្ទុយនាគ​ ត្រូវបណ្តេញត្រឡប់ទៅវិញ

រតនគិរី ៖ ជនជាតិវៀតណាម២៦នាក់ ដែលមករុករានជីករ៉ែមាសដោយខុសច្បាប់ នៅតំបន់កន្ទុយនាគភូមិសាស្ត្រ ស្រុកតាវែង ខេត្តរតនគិរី ត្រូវបានសមត្ថកិច្ចចម្រុះសម្រេចបណ្តេញចេញទៅប្រទេសវៀតណាមវិញ តាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ នៅព្រឹកថ្ងៃទី១២ ខែមិនា ឆ្នាំ២០២៤។

ក្រុមការងារចម្រុះខេត្តរតនគីរី ដឹកនាំដោយលោក ម៉ា វិចិត្រ អភិបាលរងខេត្ត និងក្រោមការសម្របសម្រួលនីតិវិធីដោយលោក កែវ ភក្តី ព្រះរាជអាជ្ញារងខេត្ត បានចុះអង្កេតត្រួតពិនិត្យ បទល្មើសធនធានរ៉ែចំនួន៦ទីតាំង ស្ថិតក្នុងតំបន់កន្ទុយនាគភូមិសាស្ត្រ ស្រុកតាវែង រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤។

បន្ទាប់ពីក្រុមការងារចុះដល់ទីតាំងជាក់ស្តែង អង្កេតឃើញថា «ជនជាតិវៀតណាមចំនួន២៦នាក់(ស្រី១នាក់)ប្រើប្រាស់បណ្ណស្នាក់នៅអចិន្ត្រៃយ៍ផុតកំណត់)ត្រូវបានពិន័យតាមផ្លូវច្បាប់ការងារធ្វើកិច្ចសន្យា និង ត្រូវធ្វើការបណ្តេញចេញទៅកាន់ប្រទេសកំណើតវិញ អនុវត្តដោយមន្ត្រីអន្តោប្រវេសន៍នៃស្នងការនគរបាលខេត្តរតនគិរី តាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ នៅព្រឹកថ្ងៃទី១២ ខែមិនា ឆ្នាំ២០២៤»។

លោក អ៊ុងហ៊ួរ ប្រធានមន្ទីររ៉ែ និងថាមពលខេត្ត បានឱ្យដឹងថា ក្រោយពីបានពិនិត្យទីតាំងទាំង៦ខាងលើរួចមកលោកយល់ឃើញថា ក្រៅពីទីតាំងអាណាធិបតេយ្យចាស់(ទីតាំងទី២) ដែលទុកចោលយូរមកហើយនោះ មានទីតាំងចំនួន៥ផ្សេងទៀតមានដូចជា ទីតាំងទី១-នៅដើមទី មានអេស្កាវ៉ាទ័រ១គ្រឿង ទើបចូលមក(ទុកចោល), ទីតាំងទី៦ មានអេស្កាវ៉ាទ័រ១គ្រឿងឈូសឆាយផ្លូវ, ទីតាំងទី៣,៤,៥ កំពុងរៀបចំហេដ្ឋារចនាសម្ព័ន្ធដែលអាចឈានទៅធ្វើអាជីវកម្មមានអាជ្ញាបណ្ណ(អាជីវកម្ម) ដូចនេះក្រុមហ៊ុនមិនទាន់បានប្រតិបត្តិការនៅឡើយ ដែលជាសកម្មភាពខុសលក្ខខណ្ឌអាជ្ញាបណ្ណស្វែងរុករក ត្រូវពិន័យតាមមាត្រាទី៣៦ថ្មី នៃច្បាប់ស្តីពីការគ្រប់គ្រងនិងធ្វើអាជីវកម្មធនធានរ៉ែ ៕ (ដោយ ៖ ចាបសំអាន)

Leave a Reply

Your email address will not be published. Required fields are marked *