កាស៊ីណូតែមួយគត់របស់វៀតណាម ដែលអនុញ្ញាតឱ្យអ្នកស្រុកចូលលេង ខាត ១៥០ លានដុល្លារ

វៀតណាម ៖ កាស៊ីណូមួយនៅលើកោះ Phu Quoc នៃខេត្តគៀនយ៉ាង ភាគខាងត្បូងប្រទេសវៀតណាម ដែលជាកន្លែងលេងល្បែងតែមួយគត់នៅក្នុងប្រទេសដែលអនុញ្ញាតឱ្យអ្នកលេងល្បែងជនជាតិវៀតណាមចូលលេង បានទទួលរងការខាតបង់យ៉ាងធ្ងន់ធ្ងរ គឺជាង ៣,៧ ទ្រីលានដុង (១៥០ លានដុល្លារអាមេរិក) ពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២៣។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុវៀតណាមលោក Ho Duc Phoc ថ្មីៗនេះបានបង្ហាញពីដំណើរការអាជីវកម្មរបស់កាស៊ីណូCorona Casino ដែលជាផ្នែកនៃក្រុមហ៊ុន Corona Resort & Casino complex នៅទីក្រុង Phu Quoc នៅក្នុងរបាយការណ៍មួយទៅកាន់តំណាងរដ្ឋសភា។

របាយការណ៍នេះអះអាងថា «ការខាតបង់ចំនួន ៣,៧ ទ្រីលានដុងគឺដោយសារការចំណាយរំលស់យ៉ាងច្រើន និងការបង់ការប្រាក់កម្ចីធនាគារដែលបានកើតឡើងក្នុងដំណាក់កាលដំបូងនៃគម្រោង»។

ឯកសារនេះបានគូសបញ្ជាក់ថា «ប្រាក់ចំណូលបង្គររបស់កាស៊ីណូចាប់ពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២៣ មានចំនួន ៦,៤ ទ្រីលានដុង (២៥៩,៥ លានដុល្លារ) ដោយរួមចំណែកជិត ៣,៧ ទ្រីលានដុងដល់ថវិការដ្ឋ»។

នៅឆ្នាំ ២០២៣ កាស៊ីណូបានបង្ហាញពីភាពប្រសើរឡើងគួរឱ្យកត់សម្គាល់ចាប់ពីឆ្នាំ ២០២២ ដោយរកចំណូលបានប្រហែល ២,២ ទ្រីលានដុង (៨៩,២ លានដុល្លារ) ដែលជាការកើនឡើង ៤៥,៧ ភាគរយធៀបឆ្នាំមុន។

គ្រឹះស្ថានល្បែងស៊ីសងនេះបានចំណាយប្រាក់ជាង ១,២ ទ្រីលានដុង (៤៨,៧ លានដុល្លារ) ដល់ស្ថាប័នរដ្ឋ ដែលឆ្លុះបញ្ចាំងពីការកើនឡើង ៦៨,៩ ភាគរយធៀបនឹងឆ្នាំមុន។ ប្រាក់ចំណូលនេះរួមមានការលក់សំបុត្រជាង ៣២ ពាន់លានដុង (១,៣ លានដុល្លារ) ដែលប្រមូលបានពីអ្នកលេងល្បែងវៀតណាម។

ចាប់ពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២៣ ប្រាក់ចំណូលពីសំបុត្របានឈានដល់ ២៤២ ពាន់លានដុង (៩,៨ លានដុល្លារ)។ នៅឆ្នាំ ២០២៣ អ្នកលេងល្បែងជនជាតិវៀតណាមមានចំនួន ៣៩ ភាគរយនៃចំនួនអ្នកចូលទស្សនាសរុប ពោលគឺកើនឡើង ៨៧ ភាគរយធៀបនឹងកម្រិតមុនកូវីដ១៩។ ចន្លោះអាយុរបស់ភ្ញៀវវៀតណាមនៅកាស៊ីណូនេះមានចាប់ពីអាយុ ២១ ឆ្នាំដល់ ៩៧ ឆ្នាំ បើគិតជាមធ្យមភាគគឺរង្វង់អាយុ ៣៩ ឆ្នាំ។

កាស៊ីណូ Corona គឺជាកាស៊ីណូមួយក្នុងចំណោមកាស៊ីណូតែពីរប៉ុណ្ណោះដែលទទួលបានភ្លើងខៀវបើកឱ្យជនជាតិវៀតណាមចូលលេង នៅក្នុងកម្មវិធីសាកល្បងនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។

កាស៊ីណូមួយទៀត ដែលបម្រុងនឹងសាងសង់នៅ​ស្រុក Van Don នៃ​ខេត្ត Quang Ninh ភាគ​ខាងជើង ​មិន​ត្រូវ​បាន​អនុម័ត​សម្រាប់​ការ​វិនិយោគទេ៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *