នគរបាលបញ្ជូនក្រុមក្មេងទំនើង១២នាក់រហ័សនាមក្រុម PKD និង MT ដែលតែងបង្កការអុកឡុក ក្នុងរាជធានីភ្នំពេញ ទៅតុលាការ

ភ្នំពេញ ៖ នគរបាលរាជធានីភ្នំពេញ បានធ្វើការបញ្ចូនខ្លួនក្រុមក្មេងទំនើង២ក្រុម គឺក្រុមផ្សារកណ្តាល(PKD)និងក្រុមមាន់ទឹក (MT)ចំនួន១២ នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញនាព្រឹកថ្ងៃទី១៤មីនានេះ ក្រោយសមត្ថកិច្ចបង្ក្រាបបាន ដែលក្រុមទាំងនេះ តែងឧស្សាហ៍ធ្វើសកម្មភាពអុកឡុក ដោយការដើរកាប់ចាក់យ៉ាងសកម្ម នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ។ 

នគរបាលបានបញ្ចូនខ្លួនជនទាំង១២នាក់នេះទៅតុលាការ ធ្វើឡើង បន្ទាប់ពី បានធ្វើសន្និសិទសារព័ត៌មានបង្ហាញមុខពួកគេ នាព្រឹកថ្ងៃទី១៤ ខែមិនា ឆ្នាំ២០២៤នេះ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។ 

លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឱ្យដឹងថា ក្រុមក្មេងទំនើបខាងលើនេះ ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ចេញធ្វើការបង្ក្រាបបន្ទាប់ពីក្រុមពួកគាត់មានបក្សពួកជាច្រើននាក់ ប្រដាប់ដោយកាំបិត និងដាវ បានណាត់គ្នាជាមួយភាគីមួយក្រុមទៀតដើម្បីជួបគ្នាត្រៀមបើកឆាកប្រយុទ្ធគ្នា នៅផ្លូវ៦០ម៉ែត្រ ក្នុងខណ្ឌមានជ័យ កាលពីយប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ 

ប៉ុន្តែមិនទាន់បានជួបគ្នាតាមការណាត់ផង ក៏ត្រូវសមត្ថកិច្ចចេញធ្វើការបង្ក្រាបជាមុនដើម្បីបញ្ជៀសនូវអំពើហិង្សាកើតឡើង ដោយក្រុមក្មេងទំនើបបានតបតជាមួយសមត្ថកិច្ចដោយបានបណ្តាលឱ្យនគរបាលម្នាក់រងរបួស ។

ជុំវិញមានពលរដ្ឋជាច្រើនគាំទ្រចំពោះការបង្ក្រាបក្រុមក្មេងទំនើង និងស្នើសុំឱ្យសមត្ថកិច្ចបន្តពង្រឹងការបង្ក្រាបនេះ ឱ្យបានកាន់តែខ្លាំងក្លាថែមទៀត ពិសេសក្មេងទំនើងនៅពេលរាត្រី ដែលតែងធ្វើសកម្មភាពជិះម៉ូតូទាំងក្រុមៗ បង្កភាពអុកឡុក ដេញកាប់ចាក់គ្នាប្រសាចនៅតាមដងផ្លូវសាធារណៈ ដែលកត្តានេះបានបង្កជាភាពភ័យខ្លាច និងព្រួយបារម្ភដល់ពលរដ្ឋធ្វើដំណើរនៅពេលយប់ឡើង ។ 

គួរបញ្ជាក់ថា សកម្មភាពក្មេងទំនើងកាប់ចាក់គ្នានាពេលរាត្រី ក្នុងមួយរយៈពេលចុងក្រោយនេះ ហាក់មានភាពកម្រើកឡើងវិញគួរសម ខណៈមួយរយៈមុនមានការថបថយខ្លាំង បន្ទាប់ពីនគរបាលរាជធានី បានប្រើកណ្តាប់ដៃដែក ចុះបង្ក្រាបជាបន្តបន្ទាប់នៅគ្រប់ភូមិសាស្ត្រទាំងអស់ក្នុងរាជធានីភ្នំពេញ ៕(ដោយ ៖ គា សំណាង)

Leave a Reply

Your email address will not be published. Required fields are marked *