បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធករណី ឆបោក និង ប្រើប្រាស់ឯកសារសារធារណៈក្លែង

បន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ បញ្ជាការដ្ឋានកងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនទៅសាលាដំបូងខេត្ត នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនា ឆ្នាំ២០២៤នេះ ដើម្បីឣនុវត្តតាមនីតិវិធីពាក់ព័ន្ធករណី ឆបោក និងប្រើប្រាស់ឯកសារសារធារណៈក្លែង។

សមត្ថកិច្ចនិយាយថា នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ជនរងគ្រោះឈ្មោះ ចាន់ គឹមជា ភេទប្រុស អាយុ៣៨ឆ្នាំ បច្ចុប្បន្នរស់នៅភូមិមិត្តភាព សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បាននាំឈ្មោះ មួយ បូរិន ភេទប្រុស ឣាយុ២៤ឆ្នាំ  មកមូលដ្ឋានកងរាជឣាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីឆ្លើយបំភ្លឺ ស្ដីពី«យករថយន្ត១គ្រឿងម៉ាកFORD TERRITORY ពណ៌ខ្មៅ ផលិតឆ្នាំ២០២៣ ពាក់ផ្លាកលេខកម្ពុជា HENG 1667 មកដាក់បញ្ចាំនៅហាងរបស់ខ្លួនដែលមានឈ្មោះឣេស ឣុិន ប៊ី​ (SNB) នូវទឹកប្រាក់ចំនួន២០,០០០ដុល្លារ»។

ជមសង្ស័យឈ្មោះ មួយ បូរិនបានប្រាប់ថា​​ រថយន្តនោះជារបស់ខ្លួនផ្ទាល់​ ទិញមកពីខេត្តឧត្តរមានជ័យ ហើយមានភ្ជាប់មកជាមួយនូវឯកសារដូចជា បណ្ណសម្គាល់រថយន្តម្ចាស់ដើម លិខិតទិញ-លក់រថយន្ត និងឯកសារមួយចំនួនទៀតដោយហាងបញ្ចាំរបស់ខ្លួនយកការប្រាក់១.៧% ហើយបានយល់ព្រមទទួលបញ្ចាំ និងប្រគល់ប្រាក់ទៅឱ្យឈ្មោះ មួយបូរិន ចំនួន២០,០០០$(ពីរម៉ឺនដុល្លារ) ហើយបានរៀបចំឯកសារគ្រប់គ្រាន់ ក្រោយមកក្រុមការងារហាងបញ្ចាំបានត្រួតពិនិត្យលើឯកសាររថយន្ត ទើបដឹងថា«ឯកសារក្លែងក្លាយ»ហើយក្រុមការងារហាងបញ្ចាំរបស់ខ្លួនហៅឈ្មោះមួយ បូរិន មកដោះស្រាយរឿងយកឯកសារក្លែងក្លាយមកដាក់បញ្ចាំ​ នៅមូលដ្ឋានកងរាជឣាវុធហត្ថក្រុងតែម្ដង។

លោកវរសេនីយ៍ត្រី នួន​ នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជឣាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា ឈ្មោះ មួយ បូរិន បានរៀបរាប់ប្រាប់លោកថា​ រូបខ្លួនមានមុខរបរ លក់-ទិញម៉ូតូ នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ហើយរូបខ្លួនតែងតែឡើងទៅក្រុងប៉ោយប៉ែតដើម្បីលេងល្បែងក្នុងកាស៊ីណូសែនផាលិស ។ពេលកំពុងលេងស្រាប់តែមានមនុស្សប្រុស៣នាក់ ពុំដែលស្គាល់ ជិះរថយន្តចំនួន២គ្រឿង រថយន្តម៉ាកនីសាន់ ពណ៌ស ១គ្រឿង​ មិនចាំផ្លាកលេខ និងរថយន្តម៉ាកFORT TERRITORY ពណ៌ខ្មៅ ១គ្រឿង បានប្រើឱ្យរូបខ្លួនឈរឈ្មោះយករថយន្តម៉ាកFORT TERRITORY ទៅដាក់បញ្ចាំដោយឱ្យថ្លៃឈ្នួលចំនួន៦០០ដុល្លារ ។

លោកវរសេនីយ៍ត្រី នួន​ នីណារ៉ូ  បន្តថា ជនសង្ស័យរូបនេះក៏យល់ព្រម បន្ទាប់មកបានធ្វើឯកសារលក់-ទិញរថយន្តទាំងយប់ ដោយដាក់ឈ្មោះខ្លួនជាឣ្នកទិញ ពីម្ចាស់ដើមឈ្មោះ ជា ចាន់ហេង ។ នៅថ្ងៃទី១ ខែកុម្ភ: ឆ្នាំ២០២៤ ខ្លួនបានយករថយន្ដ  ម៉ាកFORD TERRITORY ពណ៌ខ្មៅ ផលិតឆ្នាំ២០២៣ ពាក់ផ្លាកលេខកម្ពុជា HENG 1667 ទៅដាក់បញ្ចាំនៅហាងបញ្ចាំឈ្មោះ SNB យកប្រាក់ចំនួន២០,០០០ដុល្លារ​​ ហើយខាងបុគ្គលិកបញ្ចាំទាមទារយកឯកសាររថយន្តទៅពិនិត្យ។

ក្រោយពីពិនិត្យឯកសាររួច ខាងហាងបញ្ចាំយល់ព្រម ហើយបានប្រគល់ប្រាក់ចំនួន២០,០០០ដុល្លារ ដោយបាញ់ប្រាក់ចូលក្នុងកុងធនាគារABA របស់ខ្លួនដែលមានឈ្មោះ MOUY BORIN លេខកូដ002644430 ។ បន្ទាប់ពីបានប្រាក់រូបខ្លួនបានទៅជួបមនុស្សប្រុសទាំង៣នាក់នោះវិញ ហើយពួកគាត់បាននាំខ្លួនទៅដកប្រាក់នៅធនាគារABAហើយបានប្រគល់ប្រាក់ឈ្នូលឱ្យខ្លួនចំនួន៦០០ដុល្លារ។ 

បន្ទាប់ពីដាក់បញ្ចាំបានរយ:ពេល១៥ថ្ងៃ រូបខ្លួនបានទំនាក់ទំនងទៅហាងបញ្ចាំស្នើសុំប្រាក់បន្ថែមចំនួន២,០០០ដុល្លារទៀត ពេលនោះបុគ្គលិកហាងបញ្ចាំប្រាប់ថា ស្នើបានតែចាំជួបមេសិន ។រហូតដល់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ បុគ្គលិកហាងបញ្ចាំទំនាក់ទំនងមកឱ្យរូបខ្លួនទៅបង់ការប្រាក់ តែខ្លួនសុំពន្យាពេល ។ក្រោយមកបុគ្គលិកហាងបញ្ចាំបានហៅខ្លួនទៅយកប្រាក់ដែលខ្លួនបានស្នើបន្ថែមចំនួន២,០០០ដុល្លារ។

 ពេលខ្លួនទៅដល់ហាងបញ្ចាំ ម្ចាស់ហាងបានប្រាប់ឱ្យខ្លួនយកប្រាក់មកលោះយករថយន្តទៅវិញ ព្រោះបុគ្គលិកពិនិត្យលើឯកសារឃើញថាមិនប្រក្រតី តែរូបខ្លួនប្រាប់ថា គ្មានលទ្ធភាពទេ ទើបម្ចាស់ហាងបញ្ចាំនាំខ្លួនមកមូលដ្ឋានកងរាជឣាវុធហត្ថក្រុងប៉ោយប៉ែតតែម្តង។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងទៀតថា ក្រោយបានស្ដាប់ការរៀបរាប់របស់ឈ្មោះ មួយ បូរិន ទើបលោកសុំគោលការណ៍ពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជឣាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជឣាជ្ញា ឣមសាលាដំបូងខេត្តបន្ទាយមានជ័យ ទើបកម្លាំងជំនាញធ្វើការឃាត់ខ្លួនភ្លាមៗ ហើយកសាងសំណុំរឿងបញ្ជូននមកបញ្ជាការដ្ឋានកងរាជឣាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។ ចំណែករថយន្តកម្លាំងជំនាញមូលដ្ឋានកងរាជឣាវុធហត្ថក្រុងធ្វើកំណត់ហេតុផ្ញើនៅហាងបញ្ចាំដើម្បីរក្សាទុកបណ្ដោះឣាសន្ន។

 លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង កងរាជឣាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបទល្មើសបានឱ្យដឹងថា​ ជនសង្ស័យខាងលើត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ បញ្ជាការដ្ឋានកងរាជឣាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនា ឆ្នាំ២០២៤នេះ ដើម្បីឣនុវត្តតាមនីតិវិធី៕(ដោយ ៖SAKARA)

Leave a Reply

Your email address will not be published. Required fields are marked *