មន្រ្តីពន្ធនាគារម្នាក់សង្ស័យស្រវឹង បើករថយន្តជ្រុលទៅបុកម៉ូតូ បណ្តាលឲ្យបុរសម្នាក់ស្លាប់

កណ្តាល ៖ យុវជនម្នាក់បានបាត់បង់ជីវិត ខណៈជិះម៉ូតូត្រូវរថយន្តមកបុក កាលពីវេលាម៉ោង ៨និង៣០នាទីយប់ថ្ងៃទី ១៤ខែមីនា ឆ្នាំ២០២៤ ចំណុចលើស្ពានព្រែកសំរោង ក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល។

ជនរងគ្រោះមានឈ្មោះ ឃិន ចាន់តារ៉ា អាយុ២៩ឆ្នាំ ស្នាក់នៅ ម្តុំពោធិ៍ចិនតុង មានស្រុកកំណើតនៅ ខេត្តតាកែវ ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1HU-6643 ឯរថយន្តបង្ក ម៉ាក Lexus RX300 ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1AN-0814 បើកបរដោយបុរសម្នាក់ ដែលគេស្គាល់ថាជាមន្រ្តីពន្ធនាគារ ត្រូវបានឃាត់ខ្លួន ។ 

បើយោងតាមការបញ្ជាក់ពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេឃើញបុរសរងគ្រោះ បានជិះម៉ូតូម្នាក់ឯង ឡើងស្ពានព្រែកសំរោង ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនលឿនមធ្យម ឯរថយន្តមកពីទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿនវ៉ាជែង ឆ្លងគន្លងផ្លូវ ជ្រុលទៅបុកចំពីមុខ ម៉ូតូជនរងគ្រោះពេញទំហឹងតែម្ដង ។ 

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចវាស់វែង យកម៉ូតូនិងរថយន្តទៅរក្សាទុក នៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅរង់ចាំការដោះស្រាយតាមនីតិវិធី ឯសពប្រគល់ទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕ ដោយ ៖ BBN07 

Leave a Reply

Your email address will not be published. Required fields are marked *