ជនជាតិនូវែលសេឡង់២នាក់ ព្រួតគ្នាវាយប៉ូលិសថៃ នៅភូកេត

ថៃ ៖ បុរសជនជាតិនូវែលសេឡង់ពីរនាក់ត្រូវបានចាប់ខ្លួន ក្រោយបង្ករបួសដល់ប៉ូលិសចរាចរណ៍ភូកេតម្នាក់ និងព្យាយាមដណ្តើមកាំភ្លើងប៉ូលិសកាលពីល្ងាចថ្ងៃសៅរ៍ កន្លងទៅ។

នៅម៉ោង៣និង៥០ នាទីរសៀល វរសេនីយ៍ត្រី លោកSomsak Noo-iad ជាប៉ូលិសចរាចរណ៍មកពីប៉ុស្តិ៍ចាឡុង បានបញ្ជាឱ្យបុរសឈ្មោះ Hamish Day អាយុ ៣៦ ឆ្នាំ និងឈ្មោះ Oscar Day អាយុ ៣៨ ឆ្នា ឈប់នៅផ្លូវចៅហ្វា(Chaofa) ខណៈពួកគេបើកម៉ូតូលឿន និងល្មើសមិនប្រកាន់នៅគន្លងផ្លូវខាងឆ្វេង។

ចំណែកជនបរទេសទាំងពីរមិនបានឈប់ម៉ូតូទេ ផ្ទុយទៅវិញបែរជាបង្កើនល្បឿនដើម្បីរត់គេចខ្លួន។ លោក Somsak បានដេញតាមពួកគេ។ ជនបរទេសទាំងពីរទីបំផុតបានឈប់ម៉ូតូរួចចាប់ផ្តើមស្រែកគំហ៊ក។ ប៉ូលិសបានប្រើទូរសព្ទដើម្បីថតពួកគេ។ 

បុរសទាំងពីររារាំងប៉ូលិសកុំឱ្យថត រួចក៏វាយប៉ូលិស ហើយបោកគាត់ផ្តួលទៅដី និងកញ្ឆក់កាំភ្លើងពីគាត់។ អំឡុងពេលប្រតាយប្រតប់គ្នា កាំភ្លើងបានរាកៃបាញ់១គ្រាប់ ប៉ុន្តែសំណាងល្អមិនត្រូវនរណាម្នាក់ឡើយ។ ប៉ូលិសដទៃបានប្រញាប់ទៅកន្លែងកើតហេតុ ហើយចាប់ខ្លួនបុរសទាំងពីរតែម្តង។ 

មេប៉ុស្តិ៍និយាយថា ក្រោយត្រូវបានចាប់ខ្លួន បុរសទាំងពីរបានសូកលុយ ប៉ុន្តែលោក Somsak បដិសេធមិនព្រមយកនោះទេ។ 

ប៉ូលិសចរាចរណ៍នេះបានរងរបួសម្រាមដៃ និងកំភួនដៃ ហើយត្រូវបានព្យាបាល និងឥឡូវបានចាកចេញពីមន្ទីរពេទ្យហើយ។ មេប៉ូស្តិ៍និយាយថា «វាជាករណីទីមួយ ដែលភ្ញៀវបរទេសវាយប៉ូលិសនៅប៉ុស្តិ៍ចាឡុង»៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *