បុរសម្នាក់ដែលជាអ្នកសារព័ត៌មានអនឡាញ ត្រូវជនសង្ស័យ១ក្រុម បម្រុងប្លន់យកម៉ូតូមួយគ្រឿង តែមិនបានសម្រេច

ភ្នំពេញ ៖ អ្នកសារព័ត៌មានអនឡាញម្នាក់ចេញពីបំពេញកាងារហើយ ជិះម៉ូតូហុងដាឌ្រីមត្រឡប់ទៅផ្ទះវិញត្រូវក្រុមជនសង្ស័យមួយក្រុមបានធ្វើសកម្មភាពធាក់ម៉ូតូផ្តួលនិងកាប់បម្រុងប្លន់យកតែមិនបានសម្រេច  បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤ទៀបភ្លឺឈានចូលថ្ងៃទី១៨ ខែ មីនា ឆ្នាំ២០២៤ ចំណុចទល់មុខកន្លែងវីងវេរលុយមួយកន្លែងស្ថិតនៅលើផ្លូវ៣០ម៉ែត្រ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ។

យោងតាមការរៀបរាប់ពីបុរសជនរងគ្រោះសុំមិនប្រាប់ឈ្មោះនិងជាអ្នកសារព័ត៌មានអនឡាញបានរៀបរាប់ឱ្យដឹងថាមុនពេលកើតហេតុគាត់បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពត1M-0138 ជិះចេញពីគោលដៅ ស្ពានអាកាសផ្សារដីហុយ ក្នុងគោលបំណងត្រឡប់ទៅផ្ទះវិញ នៅម្ដុំចោមចៅដោយបានធ្វើដំណើរតាមបណ្ដោយផ្លូវ ៣០ម៉ែត្រ ក្នុងទិសដៅពីជើងទៅត្បូង។

ខណៈពេលជិះដល់ចំណុចកើតហេតុខាងលើស្រាប់តែលេចមុខ ក្រុមជនសង្ស័យមួយក្រុម មានគ្នីគ្នាជាច្រើននាក់បានជិះម៉ូតូ៥ទៅ៦គ្រឿង ជិះមកពីក្រោយរួចក៏មកធ្វើសកម្មភាព ធាក់ម៉ូតូរបស់គាត់ពីក្រោយ បណ្ដាលឱ្យដួលអូសទៅមុខជាច្រើនម៉ែត្រ និងធ្វើឱ្យរងរបួសរលាត់ដៃជើងតិចតួច ។ពេលនោះដែរជនរងគ្រោះក៏បានដកសោចេញពីម៉ូតូរត់គេចខ្លួននិងស្រែកឆោឡោឱ្យអ្នកជិះខាងជួយ ។ក្រោយមកជនសង្ស័យក៏នាំគ្នាកាប់បំផ្លាញម៉ូតូជនរងគ្រោះរងការខូចខាតហើយក៏ជិះគេចខ្លួនតែម្តងទៅ។

ក្រោយកើតហេតុក៏មានអ្នកសារព័ត៌មានដូចគ្នាជាច្រើនអ្នកចុះមកដល់រួចក៏ទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានសង្កាត់ស្ទឹងមានជ័យទី ៣ ចុះមកជួយអន្តរាគមន៍ភ្លាមៗ។

គួរបញ្ជាក់ផងទៀតដែរថា ពាក់ព័ន្ធនឹងករណីខាងលើនេះ កម្លាំងសមត្ថកិច្ច ប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ នាំជនរងគ្រោះឱ្យដាក់ពាក្យបណ្ដឹងដើម្បីឱ្យសមត្ថកិច្ចស្រាវជ្រាវកំណត់មុខសញ្ញាជនសង្ស័យទាំងនោះយកមកចាត់ការទៅតាមនីតិវិធីច្បាប់៕(ដោយ គា សំណាង)

Leave a Reply

Your email address will not be published. Required fields are marked *