អនុសាខាសមាគមរាជសីហ៍ស្រុកជាំក្សាន្ត នាំអំណោយមនុស្សធម៌ជូនពលរដ្ឋក្រីក្រមួយគ្រួសារ

ជាំក្សាន្ត,ព្រះវិហារ ៖ អនុសាខាសមាគមរាជសីហ៍ស្រុកជាំក្សាន្ត នៃសាខាខេត្តព្រះវិហារ ដឹកនាំដោយលោកឆេង សុខម៉េង ប្រធានអនុសាខា បាននាំយកអំណោយជាសម្ភារមួយចំនួន ជូនគ្រួសារមួយជួបការលំបាកជីវភាពយ៉ាងខ្លាំង នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ នៅភូមិរលំថ្ម ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

លោក ឆេង​ សុខម៉េង ប្រធានអនុសាខាសមាគមរាជសីហ៍ស្រុកជាំក្សាន្ត បានឱ្យដឹងថា រូបលោក និង លោក ព្រំ សុវិជ្ជាប្រធានក្រុមប្រឹក្សាយោបល់អនុសាខា តំណាងលោក មុត ភិសិទ្ធនា ប្រធានសមាគមរាជសីហ៍សាខាខេត្តព្រះវិហារអមដំណើរដោយលោកស្រី ចែន ម៉ូនីកា និងលោក ទ្រី ពិសិដ្ឋ អនុប្រធានអនុសាខា ព្រមទាំងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយជូនដល់ឈ្មោះ ហាត ពន្លឹក ភេទប្រុស អាយុ៣០ឆ្នាំមុខរបរកសិករនិងស៊ីឈ្នួលគេ និងប្រពន្ធឈ្មោះសាត់ សុវ៉ាន់ អាយុ៣៥ឆ្នាំនិងមានកូនតូចៗ២នាក់ ស្ថិតនៅភូមិរលំថ្ម ឃុំរំដោះស្រែ ស្រុកជាំក្សាន្តខេត្តព្រះវិហារ ដែលកំពុងជួបការខ្វះខាតយ៉ាងខ្លាំង ។

លោកឆេង សុខម៉េង បន្តថា អំណោយមានដូចជា អង្ករ ចំនួនមួយបេ ទម្ងន់៥០គីឡូក្រាម, ទឹកត្រី ចំនួន១យួរ, ទឹកស៊ីអ៊ីវចំនួន១យួរ, ទឹកបរិសុទ្ធ ចំនួន១កេស, មី ចំនួន១កេស, ទឹកត្រី​ ចំនួន១យួរ, ស្ករស ចំនួន១គីឡូក្រាម និង ថវិកាចំនួន១២០,០០០រៀល។ សរុបថវិកាចំនួន៣២៣.៥០០រៀល(បីសែនពីរម៉ឺនបីពាន់ប្រាំរយរៀល)។ 

ពិធីចែកអំណោយខាងលើនេះ ក៏មានការចូលរួមពីលោកពុំ សុខន មេភូមិរលំថ្ម និង លោកជំទប់ទី២ ឃុំរំដោះស្រែ ផងដែរ ។ ក្នុងនាមអាជ្ញាធរមូលដ្ឋាន លោកទាំង២នាក់ សូមថ្លែងអំណរគុណដល់លោកឆេង សុខម៉េង និងសហការី ដែលឆ្លៀតពេលដ៏មានតម្លៃ នាំយកអំណោយជាស្បៀងនិងថវិកាមួយចំនួនជួយដល់រាស្ត្រក្រីក្រ ជួយកាត់បន្ថយការលំបាករយៈពេលខ្លី ។

លោក ហាត ពន្លឹក និងក្រុមគ្រួសារ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំសមាគមរាជសីហ៍ ដែលបានគិតគូរពីសុខទុក្ខ និងនៅជាប់ជាមួយសមាជិកគ្រប់រូប។ សូមជូនពរថ្នាក់ដឹកនាំ និងសមាជិកសមាគរាជសីហ៍ទាំងអស់បានប្រកបតែនឹងពុទ្ធពរទាំង៤ប្រការគឺ​ អាយុ​ វណ្ណៈ​ សុខៈ​ ពលៈ​ កុំបីឃ្លៀងឃ្លាតឡើយ៕(ដោយ ៖ SAKARA)

Leave a Reply

Your email address will not be published. Required fields are marked *