បាត់បង់ជីវិតម្នាក់និងរបួសម្នាក់ ករណីម៉ូតូជ្រុលបុករថយន្តខូចលើស្ពាន

ភ្នំពេញ ៖ និស្សិតម្នាក់បានបាត់បង់ជីវិត និងនារីម្នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីពួកគេជិះម៉ូតូឌុបគ្នា ឡើងស្ពានជ្រុលទៅបុកពីក្រោយរថយន្តធុនធំដែលខូចលើស្ពាន បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី១៨ ខែមីនាឆ្នាំ២០២៤ ចំណុចលើស្ពានព្រែកព្នៅ សង្កាត់-ខណ្ឌព្រែកព្នៅ ។

ប្រភពបានឱ្យដឹងថា សពនារីខាងលើមានឈ្មោះ ស្រី ស អាយុជាង២០ឆ្នាំ ជានិស្សិតពូកែ រៀនឆ្នាំទី៤ និងនារីម្នាក់ទៀត ត្រូវជាមិត្តភក្តិរៀនជាមួយគ្នា បានរងរបួសធ្ងន់ ។ អ្នកទាំង០២ ជិះម៉ូតូម៉ាកហុងដាប៊ីត ពាក់ស្លាកលេខ កណ្តាល1AB-4881 ,ឯរថយន្តជារថយន្តធុនក្បាលពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-1407 បើកបរដោយបុរសម្នាក់រត់បាត់ ។ 

តាមការបញ្ជាក់ពីសមត្ថកិច្ចបានឱកយដឹងថា មុនពេលកើតហេតុគេឃើញរថយន្តធុនធំ បានចតចោលទុកនៅលើស្ពានតាំងពីព្រឹកមកម៉្លេះដោយសាររថយន្តខូច ,លុះមកដល់វេលាកើតហេតុ ស្រាប់តែនារីរងគ្រោះជិះម៉ូតូឌុបគ្នា តាមបណ្តោយមហាវិថីឈ្នះ ឈ្នះ រួចឡើងស្ពានព្រែកព្នៅ ក្នុងទិសដៅពីត្បូងមកជើង បានជ្រុលទៅបុកពីក្រោយពេញទំហឹងបណ្តាលឲ្យស្លាប់ម្នាក់ភ្លាមៗ ចំណែកអ្នករួមដំណើររងរបួសធ្ងន់ ត្រូវបានដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យ ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចវាស់វែង យករថយន្តនិងម៉ូតូទៅរក្សាទុក រង់ចាំឱ្យភាគីម្ចាស់រថយន្ត ចូលខ្លួនមកដោះស្រាយនៅពេលក្រោយ ,ឯសពត្រូវក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕(ដោយ ៖ BBN07)

Leave a Reply

Your email address will not be published. Required fields are marked *