ភ្លើងឆេះរោងចក្រស្បែកជើង ៣អគារធំៗ នៅស្រុកអង្គស្នួល ខេត្តកណ្តាល

កណ្តាល ៖ ភ្លើងបានឆេះរោងចក្រ​ស្បែក​ជើង​អ.ជី ហ៊្វូតវែរ(ខេមបូដា)ឯ.ក( R.G FOOTWEAR(CAMBODIA)Co ,LTD​ )​ ស្ថិត​នៅ​ភូមិ​ស្វាយ​ជ្រំ​ ឃុំ​បែក​ចាន​ ស្រុក​ អង្គ​ស្នួល​ ខេត្ត​កណ្ដាល​ (ខាងក្រោយរោងចក្រស៊ីភី) ប្រមាណវេលាម៉ោង៤និង៤៥ ល្ងាចថ្ងៃទី១៨មីនា  រហូតដល់ម៉ោងប្រមាណ១និង៣៥នាទីរំលងអធ្រាត្រ​ ថ្ងៃ​ទី​១៨​ ខែ​មីនា​ ឆ្នាំ​២០២៤​ ទើបរលត់ទាំងស្រុង។

យោងតាមប្រសាសន៍​របស់​ ឯកឧត្ដម​ ឧត្ដមសេនីយ៍​ឯក​ នេត​ វន្ថា​ ប្រធាន​នាយកដ្ឋាន​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ​ និង​សង្គ្រោះបានឱ្យដឹងថា«​ដោយមានការសហការគ្នាល្អពីបណ្តាអង្គភាពជំនាញផ្សេងៗ ការប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យសរុបចំនួន៥០គ្រឿង ចំពោះស្ថានភាពអគ្គ័យយើងគ្រប់គ្រងបាន១០០ភាគរយហើយ» (គិតមកដល់ព្រឹកនេះ)។

ឯកឧត្តមបន្តថា មកដល់ពេលនេះ លោកពុំទាន់បានទទួលព័ត៌មានថា មានកម្មករ កម្មការិនី រងគ្រោះថ្នាក់នៅឡើយ។យ៉ាងណាក៏ដោយលោកបន្តស្រាវជ្រាវបន្ថែម ។ ចំពោះមូលហេតុក៏កំពុងស្រាវជ្រាវ ។

ចំណែកលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល នៅបន្តបញ្ជាដឹកនាំផ្ទាល់នៅទីកន្លែងបានឱ្យដឹងថា «គិតត្រឹម១២និង៣០នាទីរំលង អធ្រាត្រ អគ្គិភ័យឆេះរោងចក្រស្បែកជើងនៅស្រុកអង្គស្នួល មិនទាន់រលត់ទាំងស្រុងនៅឡើយ។ លោកបន្តដឹកនាំដើម្បីពន្លត់បន្តឱ្យរលត់ទាំងស្រុង»។

ខាងសន្តិសុខរោងចក្រ និង អាជ្ញាធរមូលដ្ឋាន បាននាំគ្នាវាយទម្លុះជញ្ជាំងរោងចក្រ ដើម្បីរំដោះកម្មករ កម្មការិនី ចេញពីរោងចក្រដើម្បីចៀសវាងមានគ្រោះថ្នាក់ជាយថាហេតុ ។

យោងតាមរបាយការណ៍ដោយឡែក របស់កងប្រតិបត្តិការរុករកនិងសង្រ្គោះគ្រោះមហន្តរាយ៧១១ កងពលតូចលេខ៧០បានឱ្យដឹងថា កម្លាំងទ័ពបានសហការជាមួយកម្លាំង ការិយាល័យនគរបាលបង្កានិងពន្លត់អគ្គិភ័យស្នងការខេត្តកណ្តាល និងស្ថាប័នពន្លត់អគ្គិភ័យជាច្រើនទៀតជាមួយអាជ្ញាធរមូលដ្ឋានបានចេញប្រតិបត្តិការពន្លត់អគ្គិភ័យ ដែលបានឆាបឆេះរោងចក្រស្បែកជើង ។

របាយការណ៍បន្តថា ខាងទ័ពមានកម្លាំងសរុបចំនួន ២៥ នាក់ (ស្រី១០នាក់) ប្រើរថយន្តសរុបចំនួន ៨ គ្រឿងរួមមាន១-រថយន្តម៉ាស្តាបញ្ជាការ ០៣ គ្រឿង,២-រថយន្តពន្លត់អគ្គិភ័យចំនួន០៤ គ្រឿង,៣-រថយន្តដឹកសម្ភារ:សង្រ្គោះចំនួន០១គ្រឿង ដោយបាមប្រើប្រាស់ទឺកសរុប ចំនួន ២៨ រថយន្ត ស្មើនឹង ២៤៨ ម៉ែត្រគូប ។

យ៉ាងណាក៏ដោយ មកដល់ពេលនេះសមត្ថកិច្ចជំនាញពុំទាន់ចេញរបាយការណ៍លម្អិតនៅឡើយ ។ បើតាមប្រភពបានឱ្យដឹងថា អគាររោងចក្រធំៗចំនួន៣អគារត្រូវបានភ្លើងឆេះទាំងស្រុង ។ កម្មកររាប់រយនាក់ ពុំបានចូលធ្វើការទៀតឡើយ ។

យោងតាមរបាយការណ៍ចុងក្រោយរបស់នគរបាលខេត្តកណ្តាលបានឱ្យដឹងថា អគាររោងចក្រចំនួន៣អគារដែលឆេះរួមមាន អគារទំហំ១០០ម៉ែត្រគុណនឹង២០០ម៉ែត្រចំនួន២អគារ និង អគារទំហំ១២០ម៉ែត្រគុណនឹង២០០ម៉ែត្រចំនួន១អគារ។ ចំពោះកម្មករ កម្មការិនី ពុំមានគ្រោះថ្នាក់ឡើយ ។ តែមិនបានបញ្ជាក់ពីមូលហេតុឡើយ ៕(ដោយ ៖ គា សំណាង+SAKARA)

Leave a Reply

Your email address will not be published. Required fields are marked *