អ្នកជំនាញអង្គការសហប្រជាជាតិ ៖ របបយោធាមីយ៉ាន់ម៉ាប្រឈមមុខនឹងការគំរាមកំហែងអត្ថិភាពរបស់ខ្លួន

បរទេស ៖ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសមីយ៉ាន់ម៉ាបាននិយាយកាលពីថ្ងៃពុធទី២០ មីនាឆ្នាំ២០២៤ថា របបយោធាមីយ៉ាន់ម៉ាកំពុងប្រឈមមុខនឹង «ការគំរាមកំហែងអត្ថិភាព» ប៉ុន្តែពិភពលោកអាចជួយបញ្ចប់ការគ្រប់គ្រង «ដូចសុបិនអាក្រក់»របស់របបនេះជាមួយនឹងការដាក់ទណ្ឌកម្មរួមគ្នា។

លោក Tom Andrews បាននិយាយថា ការបាត់បង់ជីវិតដ៏ច្រើនក្នុងចំណោមកងកម្លាំងយោធា ក៏ដូចជាការរត់ចោលជួរ ការចុះចាញ់ និងការប្រឈមមុខនឹងការជ្រើសរើសទាហានថ្មី បាននាំឱ្យចំនួនកងទ័ពធ្លាក់ចុះ ដោយបង្កជា«ការគំរាមកំហែងដល់អត្ថិភាពសម្រាប់យោធាមីយ៉ាន់ម៉ា»។

លោកបាននិយាយថា «អ្នកដែលបានភ្នាល់លើរបបយោធាដើម្បីស្តារសណ្តាប់ធ្នាប់ និងស្ថិរភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា បានកំពុងភ្នាល់ចាញ់ហើយ»។

របបយោធាបានឡើងកាន់អំណាចក្នុងរដ្ឋប្រហារខែកុម្ភៈ ឆ្នាំ ២០២១ ដែលបានទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យរបស់លោកស្រី អ៊ុងសាន ស៊ូជី ដោយបញ្ចប់ការពិសោធរយៈពេល ១០ ឆ្នាំជាមួយនឹងលទ្ធិប្រជាធិបតេយ្យ និងធ្វើឱ្យប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះធ្លាក់ចូលក្នុងភាពចលាចលយ៉ាងបង្ហូរឈាម។

របប​យោធា​កំពុង​ព្យាយាមយ៉ាងលំបាកដើម្បី​បង្ក្រាប​ការ​តស៊ូ​ចំពោះ​ការ​គ្រប់​គ្រង​របស់​ខ្លួនពីសំណាក់​ក្រុម​ឧទ្ទាម​ជនជាតិ​ភាគតិច​ដែល​បាន​បង្កើតឡើង​ជា​យូរ​មក​ហើយ ​និង​កម្លាំង​ការពារ​ប្រជាជន​ដែល​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ថ្មី។

លោក Andrews បាននិយាយថា «របបយោធាគឺជាកត្តាជំរុញចម្បងនៃអំពើហិង្សា អស្ថិរភាព ការធ្លាក់ចុះសេដ្ឋកិច្ចនិងភាពគ្មានច្បាប់នៅក្នុងប្រទេស»។

អតីត​សមាជិក​សភា​អាមេរិក​រូប​នេះ​គឺ​ជា​អ្នក​រាយការណ៍​ពិសេស​ស្តីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។

អ្នករាយការណ៍ពិសេសត្រូវបានតែងតាំងដោយក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ប៉ុន្តែជាអ្នកជំនាញឯករាជ្យដែលមិននិយាយសម្រាប់អង្គការសហប្រជាជាតិទេ។

លោក Andrews បាននិយាយថា «ទណ្ឌកម្ម ដូចជាការរឹតបន្តឹងលើលំហូរហិរញ្ញវត្ថុ និងឧបករណ៍សម្រាប់ការប្រើប្រាស់យោធា កំពុងរំខានដល់ប្រតិបត្តិការរបស់របបយោធា»៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *