ថៃ​ ៖​ អតីតចៅអធិការវត្ត Pa Dhammakiri ក្នុងខេត្តនគររាជសីមា ត្រូវបានកាត់ទោសជាប់គុក ៤៦៨ ឆ្នាំពីបទ«ពាក់ព័ន្ធក្នុងករណីកិបកេងលុយជិត ៣០០ លានបាត»។

សេចក្តីសម្រេចនេះត្រូវបានធ្វើឡើងដោយតុលាការ​ព្រហ្មទណ្ឌ​កណ្តាល​សម្រាប់​សំណុំរឿង​ពុករលួយ​ និង​ការប្រព្រឹត្ត​ខុសវិន័យ កាលពីថ្ងៃពុធទី២០ មីនា ឆ្នាំ២០២៤ក្នុងការឆ្លើយតបទៅនឹងពាក្យបណ្តឹង ដែលប្តឹងដោយរដ្ឋអាជ្ញាប្រឆាំងនឹង ព្រះអាចាន់ខុម (Phra Ajarn Khom)​ ជាអតីតព្រះចៅអធិការវត្ត Pa Dhammakiri នៅស្រុកប៉ាក់ចុង (Pak Chong) និងអ្នកសមគំនិតប្រាំបីនាក់ទៀតជុំវិញការជាប់ពាក់ព័ន្ធរបស់ពួកគេក្នុងករណីនេះ។​ អតីតចៅអធិការ ដែលឥឡូវមានឈ្មោះថា ខុម គង់កែវវ៉ា​ (Khom Kongkaeowas) គឺជាជនជាប់ចោទទីមួយ។

ចំណែកអ្នកប្រាំបីនាក់ទៀតគឺ Wutthima Thaomor​ ជាអតីតចៅអធិការវត្តមុនលោកខុម ប្អូនស្រីលោកខុមឈ្មោះ Juthathip Phubodiwarochuphan អ្នកបើកបររបស់គាត់ឈ្មោះ Boonyasak Patarakosol និង សង្ឃដែលគេចាប់ផ្សឹកប្រាំនាក់ទៀត ឈ្មោះ Boonsong Panpuwong, Bundit Yoicha, Nathapat Tangjaisanong, Boonluea Phothong និង Thanakrit Yotsurin។

តុលាការបានរកឃើញថា «លោកខុមបានឃុបឃិតជាមួយសង្ឃដែលគេចាប់ផ្សឹកទាំងប្រាំនាក់ដើម្បីកិបកេងបច្ច័យដែលវត្តទទួលបាន។គាត់បានទុកលុយក្នុងគណនីធនាគាររបស់គាត់ ដែលមានតែប្អូនស្រីរបស់គាត់ប៉ុណ្ណោះមានសិទ្ធិដកលុយចេញ។ លុយត្រូវបានដកចេញ ៧៦ ដង»។

អតីតចៅអធិការរូបនេះបានបង្គាប់ឱ្យប្អូនស្រីទុកលុយខ្លះនៅកុដិរបស់គាត់ ដែលក្រោយមកប៉ូលិសបានរឹបអូសបានចំនួន ៥១,​៤ លានបាត។ លោកខុមក៏បានបង្គាប់ឱ្យអតីតសង្ឃដទៃទៀតឱ្យលាក់ទ្រព្យនៅក្រៅវត្តផងដែរ។

ក្រោយមកប៉ូលិសបានរកឃើញវត្ថុចំនួន ១.៤៥៥ រួមទាំងសាច់ប្រាក់សុទ្ធ និងទ្រព្យសកម្ម ដែលមានតម្លៃ ២៩៩,៥ បាត។ តុលាការបានរកឃើញគាត់មានកំហុសចំនួន ៧៨ ករណី ដោយករណីនីមួយៗត្រូវជាប់គុក ៦ ឆ្នាំ និងកាត់ឱ្យគាត់ជាប់គុកសរុប ៤៦៨ ឆ្នាំ។

Wutthima ត្រូវបានរកឃើញកំហុសលើ ៧៨ ករណីជាមួយនឹងទោសជាប់គុកសរុបចំនួន ៣១២ ឆ្នាំ។ Juthathip ត្រូវបានរកឃើញកំហុសចំនួន ៧៧​ ករណីជាមួយនឹងទោសជាប់គុកសរុប ៣០៨ ឆ្នាំ។

ក្រោមច្បាប់ថៃ ទោសជាប់គុកអតិបរមាគឺ ៥០ ឆ្នាំ។ ទោសជាប់គុករបស់អ្នកសមគំនិតដទៃទៀតត្រូវបានបន្ថយពី៣ឆ្នាំមក២ឆ្នាំ ដោយសារពួកគេគ្រាន់តែចូលរួមសហការ។ ចំណែកនៅស្រុកខ្មែរយេីង​ អាចមានករណីស្រដៀងនេះទេ? ៕(ប្រែសម្រួលដោយ​ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *