លោក ថេង សុថុល ប្រជុំជំរុញដល់មន្រ្តីក្រោមឪវាទបន្តត្រួតពិនិត្យពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋាន

ភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ៧មករា បានប្រជុំបន្តដាក់ផែនការ ដល់មន្ត្រីក្រោមឪវាទជំនាញពាក់ព័ន្ធ ពង្រឹងនិងត្រួតពិនិត្យសន្តិសុខសុវត្ថិភាពបរិស្ថានអនាម័យសណ្ដាប់ធ្នាប់សាធារណៈជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានបន្ថែម។

កិច្ចប្រជុំបានធ្វើឡើងនៅរសៀលថ្ងៃទី២១ ខែមីនាឆ្នាំ ២០២៤ ក្រោមអធិបតីភាពលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ៧មករា និងមានការចូលរួមពីលោកអភិបាលរងខណ្ឌ លោកអធិការនគរបាលខណ្ឌ លោកមេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ គណៈនាយករដ្ឋបាល លោក-លោកស្រីប្រធាន អនុប្រធានការិយាល័យទាំង១១ លោក-លោកស្រីចៅសង្កាត់ទាំង០៨ លោកនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលទាំង០៨ និងមន្រ្តីពាក់ព័ន្ធ។

នៅក្នុងកិច្ចប្រជុំនេះដែរលោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានមានប្រសាសន៍ថា សូមឲ្យមន្ត្រីជំនាញពាក់ព័ន្ធបន្តរឹតបន្តឹង ពង្រឹងនិងត្រួតពិនិត្យការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ , ការងារត្រួតពិនិត្យអាវុធជាតិផ្ទុះ នឹងអ្នកបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ,ការបង្ការបង្រ្កាបល្បែងស៉ីសង នឹងការបង្ការបង្រ្កាបបទល្មើសគ្រឿងញៀន ,ការងារត្រួតពិនិត្យការប្រើប្រាស់ការកែឆ្នៃស៉ីផ្លេ នឹងស៉ីម៉ាំងបំពងស៉ីម៉ាំងខុសលក្ខណៈបច្ចេកទេស។

លោកអភិបាលបានបញ្ជាក់បន្ថែមថានាពេលថ្មីៗនេះរដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្ដីជូនដំណឹងឲ្យមន្ត្រីក្រោមឱវាទឲ្យបន្តត្រួតពិនិត្យទីតាំប្រកបអាជីវកម្មកែច្នៃ ស៉ីផ្លេ បំពង់ស៊ីម៉ាំង ផុសលក្ខណៈបច្ចេកទេសឲ្យបញ្ឈប់សកម្មភាពលក់ដូរនិងកែច្នៃជាបន្ទាន់។ និងបញ្ហាក្មេងទំនើងនៅក្នុងមូលដ្ឋាន ជាហេតុបង្កឲ្យមានភាពអសន្តិសុខ ធ្វើឲ្យប្រជាពលរដ្ឋមានការភ័យខ្លាច ដូច្នេះសូមឲ្យកម្លាំងមានសមត្ថកិច្ចត្រូវមានការល្បាតពួនស្ទាក់២៤ម៉ោងលើ២៤ ម៉ោងដើម្បីរក្សាសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងទទួលសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋកម្លាំងចេញជួយអន្តរាគមន៍បានទាន់ពេលវេលា៕

Leave a Reply

Your email address will not be published. Required fields are marked *