ពិព័រណ៍គ្រឿងអលង្ការនិងត្បូងកម្ពុជា អន្តរជាតិ ដាក់តាំងបង្ហាញជាផ្លូវការហើយ

ភ្នំពេញ ៖ ក្រោមការរៀបចំ របស់សមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា នៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ បានសម្ពោធដំណើរការបង្ហាញជាផ្លូវការ ពិព័រណ៍គ្រឿងអលង្ការនិងត្បូងកម្ពុជា អន្តរជាតិ លើកទី១៥ ឆ្នាំ២០២៤ និង ព្រឹត្តិការណ៍នារីឯកលើកទី១ ឆ្នាំ២០២៤ ចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៥ ខែមីនា ដែលប្រព្រឹត្តទៅនៅអគារ A B &C មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ដោយមានការចូលពីគណៈធិបតីមកពីក្រសួងនានា និងពាណិជ្ជករ អាជីវករ និងក្រុមហ៊ុនគ្រឿងអលង្ការ ទាំងក្នុងស្រុក និងក្រៅស្រុក ។ 

លោកបណ្ឌិត ឆាយ ស៊ីណាត ប្រធានស្តីទី សមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា បានមានប្រសាសន៍ថា ពិព័រណ៍គ្រឿងអលង្ការ និងត្បូងកម្ពុជា អន្តរជាតិ លើកទី១៥ ឆ្នាំ២០២៤ និងការសម្ពោធជាផ្លូវការនៃកម្មវិធី នារីឯកគ្រឿងអលង្ការ និងត្បូងអន្តរជាតិ លើកទី១ នេះ មានគោលបំណងឲ្យបងប្អូនអាជីវករ ពាណិជ្ជករ និងក្រុមហ៊ុនគ្រឿងអលង្ការទាំងក្នុងស្រុក និងក្រៅស្រុកមាន ការតាំងបង្ហាញនូវគ្រឿងអលង្ការ និងត្បូងមានតម្លៃរបស់ខ្លួនទាំងលើទីផ្សារជាតិ និងអន្តរជាតិ ដើម្បីបញ្ចេញនូវ ភាពល្អឥតខ្ចោះនៃផលិតផលរបស់ខ្លួន និងការកែច្នៃម៉ូតជាច្រើន ព្រមទាំងការប្រកួតប្រជែងនូវផលិតផលនាំ ចេញនាំចូលទាំងថ្នាក់ជាតិ និងអន្តរជាតិ គ្រប់បណ្តាប្រទេសដែលជាដៃគូរបស់កម្ពុជាយើង។

លោកបណ្ឌិត ឆាយ ស៊ីណាត បានសង្កេតឃើញថាគ្រឿងអលង្ការ និងត្បូងមានតម្លៃរបស់កម្ពុជាយើងបច្ចុប្បន្នមានសន្ទុះយ៉ាងខ្លាំងទាំង ក្នុងស្រុក និងក្រៅស្រុក ម្យ៉ាងទៀតនៅពេលការដាក់តាំងបង្ហាញនៅតាមបណ្តាប្រទេសផ្សេងៗ ដូចជា ប្រទេសឥណ្ឌា ប្រទេសថៃ ប្រទេសចិន ក្នុងទីក្រុងហុងកុង ប្រទេសសិង្ហបុរី និងប្រទេសមួយចំនួនទៀត ក្នុងទ្វីបអាស៊ី រួមបញ្ចូលទាំងទ្វីបអឺរ៉ុប ដែលជាដៃគូរបស់ប្រទេសកម្ពុជាយើង គឺមានការចាប់អារម្មណ៍យ៉ាងខ្លាំង នូវការរចនាច្នៃម៉ូតក្បាច់ក្បូរពីស្នាដៃរបស់បងប្អូនខ្មែរយើង។

លោកបណ្ឌិតសង្ឃឹមថា បងប្អូនអាជីវករ ពាណិជ្ជករ និងក្រុមហ៊ុនគ្រឿងអលង្ការយើងនឹងមាន ការរចនាម៉ូតក្បាច់ជាច្រើនដើម្បីបញ្ចេញនូវស្នាដៃរបស់កូនខ្មែរយើង ដែលមានពាក្យមួយឃ្លាបានពោលថា “ខ្មែរធ្វើបាន” ទោះជាស្ថិតក្នុងកាលៈទេសៈពិបាកកែច្នៃយ៉ាងណា ក៏កូនខ្មែរអាចធ្វើបានទាំងអស់ ដោយមិនធ្វើឲ្យ បងប្អូន ដែលចង់រចនាម៉ូត ឬក្បាច់នៃតម្រូវការរបស់ខ្លួនអាក់ខានឡើយ។

ទន្ទឹមនឹងការបើកសម្ពោធ ពិព័រណ៍គ្រឿងអលង្ការ និងត្បូងកម្ពុជា អន្តរជាតិ លើកទី១៥ នេះ ក៏មានព្រឹត្តិការណ៍ថ្មីមួយទៀតរបស់ប្រទេសកម្ពុជាយើង គឺកម្មវិធី នារីឯកគ្រឿងអលង្ការ និងត្បូងអន្តរជាតិ លើកទី១ ដែលជាព្រឹត្តិការណ៍ថ្មីមួយ ដោយកន្លងមកយើងធ្លាប់តែលឺ ធ្លាប់តែដឹងអំពីកម្មវិធីផ្សេងដូចជា Miss Grand Cambodia, Miss Teen Cambodia, Miss Universe and…..ប៉ុន្តែយើងមិនធ្លាប់ដឹងពី Miss Gems and Jewelry International ឡើយ។ 

ប៉ុន្តែ ក្នុងឆ្នាំ២០២៤នេះ ក្រុមហ៊ុន ស៊ី អោយ ជី ជេ អេហ្វ ខូអិលធីឌី (G.LG.J.F. Co.Ltd) ដឹកនាំដោយលោក នួន ពេជ្រនីរម្យ នាយកប្រតិបត្តិក្រុមហ៊ុន បានសហការជាមួយ សមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា ដើម្បីរៀបចំព្រឹត្តិការណ៍នេះឡើងផុសឲ្យ ប្រទេសកម្ពុជាយើងទាំងមូលលេចធ្លោនូវព្រឹត្តិការណ៍ថ្មីៗ និងផ្តល់ឪកាសឲ្យប្អូនៗក្មួយៗនារីៗ ទាំងក្នុងស្រុក និង ក្រៅស្រុក ធ្វើការបង្ហាញម៉ូតគ្រឿងអលង្ការ និងត្បូងជាច្រើនប្រភេទ ច្រើនម៉ូតដែលបានកែច្នៃដោយជាងដែល មានជំនាញស្ទាត់ក្នុងការច្នៃម៉ូតនេះ។

លោកបណ្ឌិតសង្ឃឹមថា ព្រឹត្តិការណ៍នារីឯកនេះ ជាព្រឹត្តិការណ៍ថ្មីបំផុត តំណាងឲ្យប្រទេសកម្ពុជា ហើយក៏ជា កម្មវិធីមួយដែលជួយឲ្យស្ត្រីៗនារីៗទាំងឡាយ ទទួលបាននូវសម្រស់កាន់តែស្រស់ស្អាតមួយកម្រិតថែមទៀត ដោយសារម៉ូតគ្រឿងអលង្ការដ៏ល្អឥតខ្ចោះ ដែលច្នៃក្បូរក្បាច់រចនាម៉ូតយ៉ាងប្រពៃនេះ ៕ ដោយ ៖ រិន ប្រាថ្នា 

Leave a Reply

Your email address will not be published. Required fields are marked *