ប្រើពូថៅកាប់ ជនរងគ្រោះរងរបួសធ្ងន់រួចគេចខ្លួន​មកខេត្តព្រះសីហនុ ត្រូវសមត្ថកិច្ចឃាត់បាន

ភ្នំពេញ​ ៖​ ជនសង្ស័យម្នាក់ត្រូវបាន កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ តាមឃាត់ខ្លួនបាននៅទឹកដីខេត្តព្រះសីហនុ បន្ទាប់ពីធ្វើសកម្មភាពប្រើពូថៅ កាប់ទៅលើជនរងគ្រោះ២នាក់ នៅឯខេត្តព្រៃវែង។

ការឃាត់ខ្លួននេះ ធ្វើឡើងបន្ទាប់ពីទទួលបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ​, លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និងលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំកម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានសហការជាមួយ និងនគរបាលក្រុងព្រះសីហនុ ដោយស្រាវជ្រាវតាមនីតិវិធីជំនាញ រហូតកំណត់បានទីតាំងលាក់ខ្លួនរបស់ជនសង្ស័យខាងលើ​ ។

 សមត្ថកិច្ចនិយាយថា​ លុះដល់ថ្ងៃទី២១ ខែមីនា​ ឆ្នាំ២០២៤​ វេលាម៉ោង៥និង៣០នាទី​ល្ងាច កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាល​ព្រហ្មទណ្ឌ បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ​ ឡឹក ស៊ីនិត ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ នៅចំណុចក្រុម៨ ភូមិ៦ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ។

សមត្ថកិច្ចបន្តថា កាលពីថ្ងៃទី២៩ ខែកុម្ភៈ​ ឆ្នាំ២០២៤ មានករណី មនុស្សឃាតដោយចេតនា បានកើតឡើងនៅចំណុចឃុំបន្លិចប្រាសាទ ស្រុកពាមរក៍ ខេត្តព្រៃវែង បង្កឡើងដោយជនសង្ស័យខាងលើ បានធ្វើសកម្មភាពយកពូថៅកាប់ទៅលើជនរងគ្រោះឈ្មោះ ឡឹក សុធា ភេទស្រី និងឈ្មោះ ខឹម សុផល ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ បណ្តាលឱ្យរងរបួសធ្ងន់ ។ បន្ទាប់ធ្វើសកម្មភាពរួចជនសង្ស័យឈ្មោះ ឡឹក ស៊ីនិត បានរត់គេចខ្លួនបាត់ ។

 បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវបាននាំខ្លួនមកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី ៕(ដោយ​ ៖​ គា​ សំណាង)

Leave a Reply

Your email address will not be published. Required fields are marked *