ក្រុមហ៊ុន Apple ត្រូវរដ្ឋាភិបាលអាមេរិកប្តឹង ដោយចោទថា«កាងផ្តាច់មុខទីផ្សារស្មាតហ្វូន»

អាមេរិក ៖ ក្រសួងយុត្តិធម៌អាមេរិក និង រដ្ឋចំនួន ១៥ ទៀត កាលពីថ្ងៃព្រហស្បតិ៍ទី២១ មីនា ឆ្នាំ២០២៤បានដាក់ពាក្យបណ្តឹងដ៏កក្រកើកមួយប្រឆាំងនឹងក្រុមហ៊ុន Apple ដោយចោទក្រុមហ៊ុននេះពីករណីប្រើតម្រូវការដ៏មានអំណាចសម្រាប់ទូរសព្ទ iPhone និងផលិតផលផ្សេងទៀតរបស់ខ្លួនដើម្បីជំរុញតម្លៃសម្រាប់សេវាកម្មរបស់ខ្លួន និងបង្កផលប៉ះពាល់ដល់គូប្រជែងតូចៗ ដែលនេះជាចំណាត់ការចុងក្រោយបំផុតក្នុងការបង្ក្រាបរបស់អាមេរិកលើក្រុមហ៊ុនបច្ចេកវិជ្ជាយក្ស។

នៅក្នុងពាក្យបណ្តឹងសរសេរថា ក្រុមហ៊ុន Apple បានកើបលុយរាប់ពាន់លានដុល្លារតាមរយៈការធ្វើឱ្យមានការលំបាកសម្រាប់អតិថិជនប្តូរទៅរកស្មាតហ្វូន និងឧបករណ៍តម្លៃថោកជាង។

ករណីដែលគេទន្ទឹងរង់ចាំជាយូរប្រឆាំងនឹង Apple បានធ្វើឱ្យក្រុមហ៊ុនប៉ះទង្គិចជាមួយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនក្រោយរួចខ្លួនពីការពិនិត្យពិច័យរបស់រដ្ឋាភិបាលអាមេរិកជិតកន្លះសតវត្សរ៍។

Apple បានចូលរួមជាមួយក្រុមហ៊ុន Amazon, Google និង Meta ដែលកំពុងប្រឈមមុខនឹងបណ្តឹងប្រឆាំងទំនុកចិត្តក្នុងសហរដ្ឋអាមេរិកផងដែរ។  

រដ្ឋអាជ្ញាលោក Merrick Garland បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា «អតិថិជនមិនគួរបង់ថ្លៃខ្ពស់ព្រោះតែក្រុមហ៊ុនទាំងនោះរំលោភច្បាប់ប្រឆាំងទំនុកចិត្តនោះទេ។បើទុកឱ្យគ្មានការប្រជែងបែបនេះ ក្រុមហ៊ុន Apple នឹងបានត្រឹមបន្តពង្រឹងភាពផ្តាច់មុខផ្នែកស្មានហ្វូនរបស់ខ្លួនប៉ុណ្ណោះ»។

ដំណឹងនៃពាក្យបណ្តឹងនេះបានបណ្តាលឱ្យភាគហ៊ុនក្នុងក្រុមហ៊ុន Apple ធ្លាក់ចុះរហូតដល់ ៤,៣% នៅលើផ្សារហ៊ុនWall Street កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *