ក្រុមរដ្ឋអ៊ីស្លាមអះអាងទទួលខុសត្រូវចំពោះការវាយប្រហារសាលប្រគុំតន្ត្រីនៅទីក្រុងមូស្គូ ខណៈចំនួនអ្នកបាត់បង់ជីវិតកើនឡើងដល់ជាង ៦០ នាក់

បរទេស​ ៖​ ក្រុមអាជ្ញាធរបាននិយាយថា ខ្មាន់កាំភ្លើងបានបើកការបាញ់ប្រហារនៅសាលប្រគុំតន្ត្រីនៅទីក្រុងមូស្គូកាលពីថ្ងៃសុក្រ ទី២២ មីនា ឆ្នាំ២០២៤ដោយបានបណ្តាលឱ្យមនុស្សយ៉ាងតិច ៦០ នាក់បាត់បង់ជីវិត, របួស ១០០ នាក់និងបង្កឲ្យមានចលាចលយ៉ាងខ្លាំង ខណៈក្រុមរដ្ឋអ៊ីស្លាម«បានអះអាងទទួលខុសត្រូវ»។ 

យោងតាមអ្នកកាសែតរបស់ទីភ្នាក់ងារសារព័ត៌មាន RIA Novosti នៅកន្លែងកើតហេតុបានឱ្យដឹងថា អ្នកវាយប្រហារបានស្លៀកពាក់ឯកសណ្ឋានក្លែងបន្លំចូលទៅក្នុងអគារ បើកការបាញ់ប្រហារ និងគប់គ្រាប់បែកដៃ ឬគ្រាប់បែកភ្លើង។

អគ្គិភ័យបានរីករាលដាលយ៉ាងឆាប់រហ័សតាមសាលប្រគុំតន្ត្រី Crocus City នៅសង្កាត់ជាយក្រុង Krasnogorsk ភាគខាងជើងទីក្រុងមូស្គូ ខណៈដែលផ្សែងហុយពេញអគារ ហើយអ្នកទស្សនាប្រញាប់ប្រញាល់រត់រកច្រកចេញបន្ទាន់។

Alexei ដែលជាផលិតករតន្ត្រី ហៀបនឹងអង្គុយនៅកៅអីរបស់គាត់ទៅហើយ មុនពេលចាប់ផ្តើមការប្រគុំតន្ត្រីរ៉ុកនៅពេលដែលគាត់បានឮ «ផ្ទុះកាំភ្លើងយន្តជាច្រើន»និង «សំឡេងស្រែកយ៉ាងខ្លាំង»។ 

លោក Alexei ដែលមិនប្រាប់នាមត្រកូលរបស់គាត់ បាននិយាយថា «ខ្ញុំបានដឹងភ្លាមៗថាវាជាការបាញ់កាំភ្លើងស្វ័យប្រវត្តិ ហើយដឹងថាភាគច្រើនវាទំនងជាអំពើភេរវកម្មដ៏អាក្រក់បំផុត»។

លោកបានបន្ថែមថា នៅពេលដែលមនុស្សបានរត់ទៅរកច្រកអាសន្ននៅក្នុងសាលប្រគុំតន្ត្រី «មានការប៉ះទង្គិចដ៏គួរឱ្យភ័យខ្លាច» ដោយមានអ្នកចូលមើលប្រគុំតន្ត្រីបានរត់ជាន់ក្បាលគ្នាទៅវិញទៅមកដើម្បីរត់ចេញ។

គណៈកម្មាធិការស៊ើបអង្កេតបាននិយាយថា «សាកសពកំពុងត្រូវបានពិនិត្យ។ ជាបណ្តោះអាសន្ន មនុស្សជាង ៦០ នាក់បានបាត់បង់ជីវិតនៅក្នុងការវាយប្រហារ។ ជាអកុសលចំនួនជនរងគ្រោះអាចកើនឡើងច្រើនជាងនេះ»។

សេវាសន្តិសុខ FSB របស់រុស្ស៊ីបាននិយាយមុននេះថា យ៉ាងហោចណាស់មនុស្ស ៤០ នាក់បានបាត់បង់ជីវិត និងជាង១០០ នាក់ផ្សេងទៀតបានរងរបួស ។ នេះបើយោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី។

អាជ្ញាធរបាននិយាយថា ការស៊ើបអង្កេត «ភេរវករ» ត្រូវបានចាប់ផ្តើម ហើយប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន កំពុងទទួលបានព័ត៌មានថ្មីៗ «ឥតឈប់ឈរ»។ នេះបើយោងតាមអ្នកនាំពាក្យរបស់គាត់ លោក Dmitry Peskov បានប្រាប់ទៅទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី។

ឆ្មាំជាតិរុស្ស៊ីបាននិយាយថា ខ្លួនស្ថិតនៅកន្លែងកើតហេតុ និងស្វែងរកជនដៃដល់។ អ្នក​យក​ព័ត៌មាន AFP ម្នាក់​បាន​ឃើញ​មន្ត្រី​ប៉ូលិស ​ដែល​មាន​ឆ្កែ​ហិត​ក្លិន ​កំពុង​ពិនិត្យ​រថយន្ត​ដែល​ចត​នៅ​ក្បែរ​អគារ។

ក្រុមរដ្ឋអ៊ីស្លាមបាននិយាយថា ក្រុមយុទ្ធជនរបស់ខ្លួនបានវាយប្រហារ «ការប្រមូលផ្តុំដ៏ធំ»នៅជាយក្រុងមូស្គូ និង«ដកថយទៅមូលដ្ឋានរបស់ពួកគេដោយសុវត្ថិភាព»៕(ប្រែសម្រួលដោយ​ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *