សេតវិមាន ៖ អ៊ុយក្រែនមិនបានពាក់ព័ន្ធក្នុងការវាយប្រហារភេរវកម្មនៅទីក្រុងមូស្គូទេ

បរទេស ៖ សេតវិមានបាននិយាយកាលពីថ្ងៃអាទិត្យ ទី២៣ មីនាឆ្នាំ២០២៤ថា អ៊ុយក្រែន «គ្មានជាប់ពាក់ព័ន្ធអ្វីទាំងអស់» ក្នុងការសម្លាប់រង្គាលក្នុងសាលប្រគុំតន្ត្រីនៅទីក្រុងមូស្គូ ដែលបានបណ្តាលឱ្យមនុស្សជាង ១៣០ នាក់បាត់បង់ជីវិត បន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន លើកឡើងអំពីការជាប់ពាក់ព័ន្ធនឹងរដ្ឋាភិបាលក្រុងគៀវ។

អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមានលោកស្រី Adrienne Watson បាននិយាយដោយប្រើអក្សរកាត់សម្រាប់ក្រុមរដ្ឋអ៊ីស្លាម យ៉ាងដូច្នេះថា «ISIS ទទួលខុសត្រូវទាំងស្រុងចំពោះការវាយប្រហារនេះ។ មិនមានការចូលរួមពីអ៊ុយក្រែនបន្តិចណាឡើយ»។ 

 អនុប្រធានាធិបតី Kamala Harris បានយល់ស្របក្នុងបទសម្ភាសន៍ជាមួយកម្មវិធី «This Week»របស់ទូរទស្សន៍ABC News ដែលបានចាក់ផ្សាយកាលពីថ្ងៃអាទិត្យ យ៉ាងដូច្នេះថា«មិនមានភស្តុតាង “ទេ” ដែលថាអ៊ុយក្រែនជាប់ពាក់ព័ន្ធ»។

លោកស្រីបាននិយាយថា «តាមពិតទៅ ISIS-K គឺជាអ្នកទទួលខុសត្រូវទាំងស្រុងចំពោះអ្វីដែលបានកើតឡើង។អក្សរ“K” សំដៅលើ Khorasan ដោយការវាយប្រហារនេះត្រូវបានអះអាងទទួលខុសត្រូវដោយសាខារបស់ក្រុមរដ្ឋអ៊ីស្លាមនៅអាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន»។

យ៉ាងហោចណាស់មនុស្ស ១៣៧ នាក់ត្រូវបានបាត់បង់ជីវិត នៅពេលដែលខ្មាន់កាំភ្លើងបន្លំខ្លួនបានសម្រុកចូលសាលតន្ត្រី Crocus City Hall ក្នុងសង្កាត់ជាយក្រុង Krasnogorsk ភាគខាងជើងទីក្រុងមូស្គូ ហើយបន្ទាប់មកបានដុតបំផ្លាញអគារចោលកាលពីល្ងាចថ្ងៃសុក្រ។

ក្រុមរដ្ឋអ៊ីស្លាមកាលពីថ្ងៃសៅរ៍ បានសរសេរនៅលើ Telegram ថា ការវាយប្រហារនេះធ្វើឡើងដោយអ្នកប្រយុទ្ធ IS បួននាក់ ប្រដាប់ដោយកាំភ្លើងយន្ត កាំភ្លើងខ្លី កាំបិត និងគ្រាប់បែកភ្លើង ដែលជាផ្នែកមួយនៃ «សង្រ្គាមដ៏ក្ដៅគគុក» ជាមួយ «ប្រទេសដែលប្រយុទ្ធនឹងសាសនាអ៊ីស្លាម»៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *