អាមេរិកដាក់ទណ្ឌកម្មក្រុមហ៊ុនចិន ព្រោះលួចហ៊ែកយកទិន្នន័យឧស្សាហកម្មថាមពល អាមេរិក

បរទេស​ ៖​ សហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទ ទី២៥ មីនាឆ្នាំ២០២៤​ បានដាក់ទណ្ឌកម្មលើក្រុមហ៊ុនដែលមានមូលដ្ឋាននៅប្រទេសចិន ដែលខ្លួនបាននិយាយថា​ ជាក្រុមហ៊ុនជួរមុខរបស់ក្រសួងសន្តិសុខរដ្ឋ ដោយចោទប្រកាន់ថាក្រុមហ៊ុនបានធ្វើប្រតិបត្តិការលួចទិន្នន័យតាមអ៊ីនធឺណេត និងផ្តោតលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់សហរដ្ឋអាមេរិក។

ក្រសួង​រតនាគារ​អាមេរិក​​បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយថា «ការ​ដាក់​ទណ្ឌកម្ម​គឺ​លើក្រុមហ៊ុន Wuhan Xiaoruizhi Science and Technology ព្រម​ទាំង​លើ​ជនជាតិ​ចិន​ពីរ​នាក់»​ផង​ដែរ។ ក្រសួងរតនាគារបាននិយាយថា«នេះគឺជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដែលធ្វើឡើងជាមួយក្រសួងយុត្តិធម៌អាមេរិក FBI ក្រសួងការបរទេសអាមេរិកនិងចក្រភពអង់គ្លេស»។

រតនាគារបាននិយាយថា តួអង្គអ៊ីនធឺណេតបែបព្យាបាទដែលឧបត្ថម្ភដោយរដ្ឋរបស់ចិននៅតែជាការគំរាមកំហែងដ៏ធំបំផុត និងជាប់លាប់បំផុតចំពោះសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក។ ឧស្សាហកម្មសន្តិសុខតាមអ៊ីនធឺណេតបានដាក់ស្លាកអង្គភាពបែបនេះថាជាការគំរាមកំហែងជាប់លាប់កម្រិតខ្ពស់ (APTs) ហើយរដ្ឋាភិបាលក៏ប្រើអក្សរកាត់បែបនោះដែរ។

ក្រសួងរតនាគារបាននិយាយថា APT31 គឺជាបណ្តុំនៃមន្ត្រីចារកម្មចិនដែលធ្វើការឱ្យសាខាក្រសួងសន្តិសុខរដ្ឋរបស់ចិន (MSS) នៅខេត្តហ៊ូប៉ី ដែលធ្វើយុទ្ធនាការចារកម្មតាមអ៊ីនធឺណេតក្នុងនាមរដ្ឋ។ ក្រសួងរតនាគារបាននិយាយថាមន្រ្តីដូចគ្នាទាំងនោះបានបង្កើតក្រុមហ៊ុនមួយឈ្មោះថា Wuhan Xiaoruizhi Science and Technology ដើម្បីធ្វើជាខ្សែត្រៀមជួរមុខដើម្បីអនុវត្តយុទ្ធនាការទាំងនោះ។

ក្រសួងរតនាគារបាននិយាយថា APT31 បានកំណត់គោលដៅលើមន្ត្រីជាន់ខ្ពស់អាមេរិក និងទីប្រឹក្សារបស់ពួកគេ រួមទាំងនៅសេតវិមាន ក្រសួងយុត្តិធម៌ ពាណិជ្ជកម្ម រតនាគារ និងក្រសួងកាបរទេស សមាជិកសភា និងអ្នកដទៃទៀត៕(ប្រែសម្រួលដោយ​ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *