ចាប់ខ្លួនបានហើយ ជនដៃដល់ ដែលសម្លាប់បុរសម្នាក់ញាត់ដាក់ក្នុងវ៉ាលី យកទៅផ្លុងចោលនៅផ្លូវជាតិលេខ៤៨

ភ្នំពេញ ៖ ជនដៃដល់ ដែលសម្លាប់បុរសម្នាក់ញាត់ដាក់ក្នុងវ៉ាលី យកទៅផ្លុងចោលនៅផ្លូវជាតិលេខ៤៨ ម្តុំអន្ទង់អាំងធំភូមិធីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃស្រាវជ្រាវឃាត់បាននាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង៥ល្ងាច ត្រង់ចំណុច​បុរីប៉េងហួត ផ្ទះលេខ២៥ ផ្លូវលេខ៧សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។

នគរបាលព្រហ្មទណ្ឌ បានឱ្យដឹងថា កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល២រសៀល នៅចំណុចUK Condo 548 សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក មានករណីឃាតកម្ម បានកើតឡើងបង្កដោយជនសង្ស័យឈ្មោះញ៉េប សុខុម ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ បានធ្វើសកម្មភាពយកខ្សែស្បែកជើងរឹតក ទៅលើជនរងគ្រោះឈ្មោះ ឌួង សង្ហា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ បណ្តាលឱ្យស្លាប់ ។

ក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យបានដាក់សាកសពក្នុងវ៉ាលី ដឹកតាមរថយន្តម៉ាក RangRover Sport ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ 2Z-9987 យកទៅទម្លាក់ចោលនៅចំណុចផ្លូវជាតិលេខ៤៨ អន្ទង់អាំងធំ ភូមិធីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ។ លុះដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ទើបកម្មករធ្វើផ្លូវនៅទីមានក្លិនស្អុយក៏បានដើរទៅមើលឃើញវ៉ាលីពណ៌ទឹកក្រូចមានសាកសពនៅពីក្នុង រួចក៏បានរាយកាណ៍ជូនសមត្ថកិច្ច ។

ក្រោយពីទទួលបានបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តមឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជាកម្លាំងបើកការស្រាវជាវភ្លាមៗ ។ក្រោយពីទទួលបានបទបញ្ជា លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និងលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំកម្លាំងជំនាញរបស់នាយកដ្ឋាន សហការជាមួយកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តកោះកុង ,អធិការដ្ឋាននគរបាលខណ្ឌទួលគោក និងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានប្រើវិធានការជំនាញ​ ធ្វើការស្រាវជ្រាវតាមនីតិវិធី រហូតកំណត់បានទីតាំងលាក់ខ្លួនរបស់ជនសង្ស័យខាងលើ​ ។

លុះដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ៥ល្ងាច កម្លាំងជំនាញបានបន្តធ្វើការស្រាវជ្រាវ រហូតឃាត់ខ្លួនបានជនសង្ស័យឈ្មោះ ញ៉េប សុខុម ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ បានឃាត់ខ្លួនបានត្រង់ចំណុច​បុរីប៉េងហួតផ្ទះលេខ២៥ ផ្លូវលេខ៧ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

បន្ទាប់ពីបានធ្វើការសាកសួរបឋម​​ ជនសង្ស័យ ខាងលើបានសារភាពថា«ខ្លួនពិតជាបានប្រព្រឹត្តអំពើឃាតកម្មគិតទុកជាមុនទៅលើជនរងគ្រោះឈ្មោះ ឌួង សង្ហា ពិតប្រាកដមែន មូលហេតុដោយសារតែជនសង្ស័យបានខឹងទៅលើជនរងគ្រោះ ដែលបាន Hack យកគណនី ICloud , ធនាគារ ABA និងស៊ីមទូរសព្ទ របស់ខ្លួនយកទៅគ្រប់គ្រង»។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាំខ្លួនមកកាន់នាយកដ្ឋាននគរបានព្រហ្មទណ្ឌ​ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕(ដោយ គា សំណាង)

Leave a Reply

Your email address will not be published. Required fields are marked *