សិស្សសាលា និងយុវជន១១៣នាក់ ត្រូវបាននាំខ្លួនយកទៅអប់រំ បន្ទាប់ពីប្រមូលផ្តុំគ្នាលេងគប់ទឹក និង​ បាតម្ស៉ៅតាមផ្លូវសាធារណៈ

ភ្នំពេញ ៖ ក្រុមយុវជនយុវតី និងសិស្សចំនួន១១៣នាក់ មកពីបណ្ដាវិទ្យាល័យចំនួន១៦វិទ្យាល័យ ត្រូវបានកម្លាំងនគរបាលខណ្ឌទួលគោក ចុះធ្វើការនាំខ្លួនយកទៅកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការអប់រំណែនាំក្រោយពួកគេបាននាំគ្នាទៅប្រមូលផ្តុំគ្នា នៅក្បែររបងវិទ្យាល័យជាស៊ីមសាមគ្គី ដើម្បីលេងបាញ់ទឹក គប់ទឹក និងបាតម្ស៉ៅ ជាដើម ធ្វើឱ្យបាត់សណ្ដាប់ធ្នាប់។ 

ការចុះនាំខ្លួនសិស្ស និងក្រុមយុវជនដើម្បីយកទៅអប់រំនេះ ធ្វើឡើងនារសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤​ ដឹកនាំដោយលោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការ នគរបាលខណ្ឌទួលគោក ។  

ក្រោយការបញ្ចូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌហើយនោះ នគរបាលបានធ្វើការអប់រំណែនាំដល់ក្រុមយុវជនយុវតី និងសិស្សានុសិស្ស ឱ្យបញ្ឈប់ចំពោះការបន្តនាំគ្នាប្រមូលផ្តុំជាក្រុមៗ ក្នុងចំនួនមនុស្សច្រើនបែបនេះទៀតពិសេសការលេងគប់ទឹក ឬបាតម្ស៉ៅ នៅតាមទីសាធារណៈ​ ដែលធ្វើឱ្យបាត់បង់របៀបរៀបរយ​ សណ្តាប់ធ្នាប់សង្គមហើយក៏ជាផ្នែកមួយ នៃការបង្កឱ្យមានជាគ្រោះថ្នាក់ក្នុងពេលធ្វើដំណើរទៀតផង។

លោកអធិការបញ្ជាក់ថា បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ គឺពុំទាន់ចូលមកដល់នោះឡើយ ដូច្នោះហើយ សូមប្អូនៗ ក្មួយៗជាយុវជន ជាសិស្ស សូមកុំប្រព្រឹត្តិ ឬធ្វើទង្វើទាំងឡាយណា ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម បន្តទៀត ហេីយបានអប់រំណែនាំឱ្យគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។ 

សូមបញ្ជាក់ថា ក្រោយការអប់រំណែនាំរួច មនុស្សប្រុសស្រីទាំង១១៣នាក់ រួមទាំងម៉ូតូ៥១គ្រឿង ត្រូវយកឯកសារម៉ូតូមកផ្ទៀងផ្ទាត់ ទើបអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ នៅល្ងាចថ្ងៃខែដដែល​ ៕(ដោយ​ គា​ សំណាង)

Leave a Reply

Your email address will not be published. Required fields are marked *