បាក់ជញ្ជាំងសង្កត់ ស្លាប់កម្មករម្នាក់ និងរបួស៣នាក់នៅក្នុងការដ្ឋាន

ភ្នំពេញ ៖ កម្មករជំនញអ៊ុតកៅស៊ូជម្រាបទឹកម្នាក់ បានបាត់បង់ជីវិត និង៣នាក់ទៀត បានរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍បាក់ជញ្ជាំងអាងស្តុកទឹកក្រោមដីសង្កត់លើ នៅវេលាម៉ោង៣រសៀល ថ្ងៃទី២៧ មីនា ២០២៤ ស្ថិតនៅក្នុងការដ្ឋានសាងផ្ទះមួយ ( ក្បាលដីលេខ១៦៩ ) ភូមិធ្លក សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជនរងគ្រោះ មានឈ្មោះ ចឹក ប៊ុនថា ភេទប្រុស អាយុ២៩ឆ្នាំ ជាជាងអ៊ុតកៅស៊ូជម្រាបទឹក ស្នាក់នៅម្តុំលូ៥ ស្ទឹងមានជ័យ ស្រុកកំណើតនៅខេត្តតាកែវ បានបាត់បង់ជីវិត និង០៣នាក់ទៀតរងរបួស ។ 

តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុ គឺក្រុមជាងចំនួន០៤នាក់ កំពុងអ៊ុតជម្រាបទឹក ជញ្ជាំងអាងស្តុកទឹក ស្របគ្នានោះ មានកម្មករម្នាក់ទៀត បានបើកគ្រឿងចក្ររុញខ្សាច់ ដាក់ផ្ទប់នឹងជញ្ជាំងអាងដើម្បីឱ្យរៀបស្មើ តែចៃដន្យក៏ជ្រុលរហូតបាក់ជញ្ជាំង សង្កត់ពីលើកម្មករទាំង០៤នាក់តែម្ដង ។ 

ភ្លាមៗកម្មករក្នុងការដ្ឋានបានចុះជួយ និងខលហៅរថយន្តសាមុយដឹកយកទៅសង្គ្រោះ០៣នាក់ ឯម្នាក់ទៀត បានផុតដង្ហើមទៅហើយ ។ ក្រោយកើតហេតុ អាជ្ញាធរមូលដ្ឋានក៏ដូចជាសមត្ថកិច្ចជំនាញ បានចុះទៅទីតាំង ត្រួតពិនិត្យពិនិត្យកោសល្យវិច័យ និងនាំមេការទៅសួរនាំតាមនិតិវិធី ៕ ដោយ ៖ គា សំណាង

Leave a Reply

Your email address will not be published. Required fields are marked *