អាពាហ៍ពិពាហ៍រវាងបុរសវៀតណាម និងស្ត្រីកូរ៉េខាងត្បូងកើនឡើងជិត ៣ ដងក្នុងអំឡុងមួយទសវត្សរ៍ចុងក្រោយនេះ

កូរ៉េខាងត្បូង​ ៖​ ចំនួន​អាពាហ៍ពិពាហ៍​រវាង​បុរស​វៀតណាម និង​ស្ត្រី​កូរ៉េខាងត្បូង​បាន​កើនឡើង ២,៨ ដង​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ចាប់ពី​ឆ្នាំ ២០១៣ ដល់​ឆ្នាំ ២០២២ ដោយកើនឡើង​ពី ២៧៩ ដល់ ៧៩២ គូ។

យោងតាមទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ ការណ៍នេះបានដាក់បុរសវៀតណាមជាក្រុមប្តីបរទេសធំជាងគេទី ៣នៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលមានចំនួនសរុប ១៥,៨% នៃចំនួនសរុប។ សមាមាត្រដ៏សំខាន់បំផុតគឺមកពីសហរដ្ឋអាមេរិក ដែលតំណាងឱ្យ២៧,៧% ជាមួយនឹងបុរសមកពីប្រទេសចិនឈរនៅលំដាប់ទីពីរ១៨,៤%។

ស្របពេលជាមួយគ្នានេះដែរ ផ្នែកគួរឱ្យកត់សម្គាល់នៃអាពាហ៍ពិពាហ៍រវាងបុរសវៀតណាម និងស្ត្រីដែលមានសញ្ជាតិកូរ៉េខាងត្បូងគឺពាក់ព័ន្ធនឹងអ្នកដែលធ្លាប់រៀបការជាមួយបុរសកូរ៉េខាងត្បូង ។ នេះបើយោងតាមសារព័ត៌មាន Chosun Daily ។

ក្នុងឆ្នាំ ២០២២ ក្នុងចំណោមស្ត្រីកូរ៉េខាងត្បូង ៧៩២ នាក់ដែលបានរៀបការជាមួយបុរសវៀតណាម ៥៥៦ នាក់ បានរៀបការម្តងទៀត។

ក្នុងចំណោមនោះ ៤៨២ នាក់ ឬ ៨៦,៧% ជាស្ត្រីដែលមានដើមកំណើតមកពីប្រទេសវៀតណាម ហើយបានក្លាយជាពលរដ្ឋកូរ៉េខាងត្បូង។ ពួកគេទទួលបានសញ្ជាតិកូរ៉េខាងត្បូង​ តាមរយៈការរៀបការដំបូងជាមួយបុរសក្នុងស្រុកបន្ទាប់មកលែងលះគ្នា ហើយក្រោយមករៀបការជាមួយបុរសវៀតណាមម្តងទៀត។

ក្នុងឆ្នាំ ២០២៣ ស្ត្រីវៀតណាមបានក្លាយជាក្រុមភរិយាបរទេសធំជាងគេនៅក្នុងប្រទេសកូរ៉េខាងត្បូង ដោយកាន់កាប់ចំណែក ៣៣,៥% ដោយប្រពន្ធជាជនជាតិចិន និងថៃមាន ១៨,១% និង ១៣,៧% រៀងគ្នា៕(ប្រែសម្រួលដោយ​ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *