បាត់បង់ជីវិតទាំងអស់ រស់តែក្មេងស្រីអាយុ ៨ ឆ្នាំម្នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់រថយន្តក្រុងបើកធ្លាក់ពីលេីស្ពាន

បរទេស​ ៖​ អាជ្ញាធរបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី២៨មីនាឆ្នាំ២០២៤ថា មនុស្សចំនួន ៤៥ នាក់បានបាត់បង់ជីវិតនៅក្នុងប្រទេសអាហ្រ្វិកខាងត្បូង បន្ទាប់ពីរថយន្តក្រុង ដែលពួកគេជិះ បានធ្លាក់ពីស្ពានកម្ពស់ ៥០ ម៉ែត្រចូលទៅក្នុងជ្រោះជ្រៅមួយ។

មានកុមារី​អាយុ ៨​ឆ្នាំ​ម្នាក់​ដែល​នៅ​រស់រានមានជីវិត​តែ​ម្នាក់​គត់​ ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ជាមួយនឹងរបួសធ្ងន់ធ្ងរ។ឡានក្រុងបានបុករបាំងថ្ម ហើយបានឆាបឆេះពេលបុកនឹងដីនៅក្នុងខេត្ត Limpopo ភាគឦសាន។

អ្នក​ដំណើរ​ទាំង​នោះ​ជា​អ្នក​ធ្វើ​ធម្មយាត្រា​ ដែលធ្វើ​ដំណើរ​ពី​រដ្ឋធានី Gaborone នៃប្រទេសបុតស្វាណាទៅ​កាន់​សេវា​បុណ្យ Easter ក្នុង​ទីក្រុង Moria។

រថយន្តក្រុងបានបាត់បង់ម្ចាស់ការ ហើយបានធ្លាក់ពីលើស្ពាននៅលើផ្លូវឆ្លងកាត់ភ្នំ Mmamatlakala រវាងតំបន់Mokopane និងតំបន់ Marken ស្ថិតនៅចម្ងាយប្រហែល ៣០០ គីឡូម៉ែត្រពីភាគខាងជើងទីក្រុង Johannesburg ។ នេះបើយោងតាមការផ្សាយរបស់ទូរទស្សន៍សាធារណៈអាហ្រ្វិកខាងត្បូង SABC ។

កិច្ចប្រតិបត្តិការជួយសង្គ្រោះបានបន្តរហូតដល់យប់ជ្រៅថ្ងៃព្រហស្បតិ៍ ដោយអ្នកបាត់បង់ជីវិតខ្លះត្រូវបានគេរាយការណ៍ថាពិបាកចូលទៅដោយសារតែកម្ទេចកម្ទី។

លោកស្រី Sindisiwe Chikunga រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនដែលបានទៅកន្លែងកើតហេតុនៃឧបទ្ទវហេតុនោះ បាន«ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់គ្រួសារដែលរងគ្រោះដោយសោកនាដកម្មធ្លាក់ឡានក្រុងចូលជ្រោះ»។ 

លោកស្រីបាននិយាយថា រដ្ឋាភិបាលអាហ្រ្វិកខាងត្បូងនឹងជួយធ្វើមាតុភូមិនិវត្តន៍សាកសព និងធ្វើការស៊ើបអង្កេតពេញលេញលើមូលហេតុនៃគ្រោះថ្នាក់នេះ៕(ប្រែសម្រួលដោយ​ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *