រថភ្លើងបុកជាមួយរថយន្ដក្រុង៤៥កៅអី​ បណ្ដាលឱ្យរងរបួសធ្ងន់ស្រាល៥នាក់

ពោធិ៍សាត់​ ៖​ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថភ្លើងបុកជាមួយរថយន្ដក្រុង៤៥កៅអីដឹកអ្នកដំណើរបណ្ដាលឱ្យមានមនុស្សរងរបួសធ្ងន់ស្រាល៥នាក់កេីតឡេីងនៅវេលាម៉ោង១១ព្រឹក ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤នេះ។ 

បេីតាមរបាយការណ៍លោកអធិការនគរបាលស្រុកក្រគរ បានឱ្យដឹងថា ករណីនេះបានកើតឡើងនៅចំណុចលើផ្លូវដែក ស្ថិតនៅភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ 

លោក មោគ ភារម្យ អធិការនគរបាលស្រុកក្រគរបន្តថា ករណីនេះពុំមានអ្នកស្លាប់នោះទេ តែមានអ្នករងរបួសស្រាលធ្ងន់៥នាក់ ខណៈប្រជាពលរដ្ឋ និងសមត្ថកិច្ចបានជួយអន្តរាគមន៍រួចរាល់ហើយ នៅឡើយតែរថភ្លើង និងរថយន្តនៅកៀបជាប់គ្នានៅឡើយ។

លោកអធិការស្រុកបន្តទៀតថា ហេតុការណ៍ខាងលើនេះ បានកើតឡើងខណៈរថយន្តក្រុងកំពុងធ្វើដំណើរ ក្នុងទិសដៅពីជើងឆ្ពោះទៅទិសខាងត្បូង ,លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថភ្លើងកំពុងបោះពួយមកពីទិសខាងកើត ឆ្ពោះទៅទិសខាងលិចបុករុញទទឹងរថយន្ត បណ្ដាលឱ្យកៀបជាប់គ្នាតែម្ដង៕(ដោយ​ គា​ សំណាង)

Leave a Reply

Your email address will not be published. Required fields are marked *