ប្រតិភូសមាគមរាជសីហ៍ ចូលជួបសំដែងការគួរសម ជាមួយ ឯកឧត្តមអភិបាលខេត្តស្វាយរៀង

ស្វាយរៀង ៖ ឯកឧត្តម ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ នាព្រឹកថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤ បានដឹកនាំប្រតិភូសមាគមរាជសីហ៍ ចូលជួបសំដែងការគួរសមនិងសំណេះសំណាល ជាមួយ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ជាមួយនិងការផ្ដល់អំណោយជូន រដ្ឋបាលខេត្តរួមមាន: ១. អង្ករ ១តោន ២. ទឹកសុទ្ឋ ១០០ប្រអប់ (កេះ) ៣. មី៥០ប្រអប់ (កេះ) ៤. ទឹកត្រី ៥០យួរ ៥. ទឹកសីអ៉ីវ  ៥០យួរ និង៦. ត្រីខ៥០យួរ ។ 

ក្នុងពិធីនេះ ឯកឧត្តមប្រធានប្រតិភូ បានរាយការណ៍សង្ខេបអំពីប្រវត្តិនៃការបង្កើតសមាគម និងវឌ្ឍនភាព នៃសមាគមរាជសីហ៍ ជូនឯកឧត្តមអភិបាលខេត្តបានជ្រាប និង បានគោរពថ្លែងអំណរគុណចំពោះ ឯកឧត្តម អភិបាលខេត្ត និងថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្តស្វាយរៀង ដែលបានយកចិត្តទុកដាក់ មើលថែ និងគាំទ្រសកម្មភាពមនុស្សធម៌របស់សមាគមរាជសីហ៍ កន្លងមក ។ 

ឯកឧត្តមប្រធានសមាគម គោរពស្នើសុំដល់ឯកឧត្តម អភិបាលខេត្តស្វាយរៀង បន្តកិច្ចសហការ គាំទ្រ និងផ្តល់អនុសាសន៍ ណែនាំតម្រង់ទិស ដល់សាខារាជសីហ៍ខេត្តស្វាយរៀង លើសកម្មភាពមនុស្សធម៌បន្តទៅមុខទៀតឲ្យកាន់តែល្អប្រសើរឡើង។

ឯកឧត្តម ប៉េង ពោធិ៍សា បានសំដែងការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងក្រៃលែង ដែលសមាគមរាជសីហ៍ បានធ្វើសកម្មភាពមនុស្សធម៌ជូនប្រជាពលរដ្ឋងាយរងគ្រោះ បានជួយសម្រួលបន្ទុក នៅពេលជួបគ្រាលំបាក ក្នុងតំបន់ភូមិសាស្ត្រ ខេត្តស្វាយរៀង ។

ចុងបញ្ចប់ឯកឧត្តមអភិបាលខេត្ត បានបង្ហាញការគាំទ្រ និងកិច្ចសហការជាមួយសមាគមរាជសីហ៍ ឲ្យកាន់តែមានភាពប្រសើរជាងមុនបន្ថែមទៀត រួមទាំងសមាគមត្រូវស្វែងរកដៃគូអភិវឌ្ឍន៍ (សហគ្រិន) ដើម្បីចូលរួមសកម្មភាពមនុស្សធម៌ និងទទួលបានជោគជ័យគ្រប់បេសសកម្មរបស់ខ្លួន។ បន្ទាប់ពីកម្មវិធីសំណេះសំណាលបានបញ្ចប់ ឯកឧត្តម ប្រធានប្រតិភូ បានអញ្ជើញពិនិត្យស្នាក់ការសមាគមរាជសីហ៍សាខាខេត្តស្វាយរៀងផងដែរ ៕ ដោយ ៖ ហួត សម្បត្តិ 

Leave a Reply

Your email address will not be published. Required fields are marked *