មេដឹកនាំថ្មីឥណ្ឌូនេស៊ី​ បានធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន និង​ សន្យាឱ្យមានទំនាក់ទំនងកាន់តែជិតស្និទ្ធ

បរទេស​ ៖​ ប្រធានាធិបតីជាប់ឆ្នោតឥណ្ឌូណេស៊ី លោក Prabowo Subianto បានទៅបំពេញទស្សនកិច្ចនៅក្រុងប៉េកាំងកាលពីថ្ងៃចន្ទ ទី ១ ខែមេសាឆ្នាំ២០២៤ ក្នុងដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់លោកចាប់តាំងពីការជាប់បោះឆ្នោតរបស់លោក ហើយត្រូវបានដកស្រង់សម្តីដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន ដោយប្រាប់ទៅលោកប្រធានាធិបតី ស៊ី ជីនពីង ថា«លោកមានបំណងបន្តទំនាក់ទំនងជិតស្និទ្ធក្រោមការដឹកនាំរបស់មេដឹកនាំមុនលោក Joko Widodo »។

ទូរទស្សន៍ CCTV របស់ចិនបានដកស្រង់សម្តីលោក Prabowo ដោយនិយាយថា លោក Prabowo «គាំទ្រយ៉ាងពេញទំហឹងចំពោះការអភិវឌ្ឍទំនាក់ទំនងឥណ្ឌូនេស៊ី-ចិនកាន់តែជិតស្និទ្ធ និងមានបំណងចង់បន្តគោលនយោបាយមិត្តភាពរបស់ប្រធានាធិបតី Joko ជាមួយចិន»។ 

លោកបាននិយាយថា រដ្ឋាភិបាលថ្មីរបស់ឥណ្ឌូនេស៊ីនឹងជំរុញការតម្រឹមយុទ្ធសាស្ត្រអភិវឌ្ឍន៍រវាងប្រទេសទាំងពីរហើយជំរុញឱ្យមានលទ្ធផលបន្ថែមទៀតនៅក្នុងកិច្ចសហប្រតិបត្តិការលើវិស័យដូចជាសេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ ការកាត់បន្ថយភាពក្រីក្រ។

លោកស៊ីបានពណ៌នាលោក Prabowo ថាជា «មិត្តចាស់របស់ប្រជាជនចិន» ហើយបាននិយាយថា ប្រទេសចិនចាត់ទុកទំនាក់ទំនងរបស់ខ្លួនជាមួយឥណ្ឌូនេស៊ីចេញពីទស្សនវិស័យជាយុទ្ធសាស្ត្រ និងរយៈពេលវែង ដោយត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

លោក Prabowo ដែលមានអាយុ ៧២ ឆ្នាំត្រូវបានបោះឆ្នោតកាលពីខែកុម្ភៈ ប៉ុន្តែនឹងមិនទាន់ស្បថចូលកាន់តំណែងទេរហូតដល់ខែតុលា។ ធ្លាប់ជាគូប្រជែងយូរអង្វែងរបស់មេដឹកនាំដែលត្រៀមចេញពីតំណែងដែលគេស្គាល់ថាJokowi ឥឡូវនេះគាត់ត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថា ទទួលបានការគាំទ្រដ៏រឹងមាំពីអ្នកកាន់តំណែងមុនរបស់គាត់ ដោយទទួលបានជ័យជម្នះបោះឆ្នោតភ្លូកទឹកភ្លូកដី ជាមួយកូនប្រុសរបស់លោក Jokowi ជាដៃគូអនុប្រធានាធិបតីរបស់គាត់។

CCTV បានដកស្រង់សម្តីលោកស៊ីដោយនិយាយនៅក្នុងកិច្ចប្រជុំថា «គន្លឹះនៃសមិទ្ធផលដ៏មានតម្លៃនៃទំនាក់ទំនងចិន-ឥណ្ឌូនេស៊ី គឺស្ថិតនៅក្នុងការប្រកាន់ខ្ជាប់នូវស្វ័យភាពជាយុទ្ធសាស្រ្ត ការជឿទុកចិត្តគ្នាទៅវិញទៅមក និងការជួយគ្នាទៅវិញទៅមក»៕(ប្រែសម្រួលដោយ​ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *