តៃវ៉ាន់រងការវាយប្រហារដោយរញ្ជួយដីដ៏ខ្លាំងក្លាកម្រិត ៧,៥ រិច្ឆទ័រ ខណៈជប៉ុន និង ហ្វីលីពីន ចេញការព្រមានអំពីស៊ូណាមី

តៃវ៉ាន់ ៖ រញ្ជួយដីកម្រិត ៧,៥ រិច្ឆទ័របានវាយប្រហារភាគខាងកើតកោះតៃវ៉ាន់នៅព្រឹកថ្ងៃពុធទី៣មេសាឆ្នាំ២០២៤នេះ នៅក្នុងអ្វីដែលគេពណ៌នាថាជារញ្ជួយដីខ្លាំងបំផុតក្នុងរយៈពេល ២៥ ឆ្នាំមកនេះ។

ដោយសំដៅលើរញ្ជួយដីខែកញ្ញាឆ្នាំ១៩៩៩ ជាមួយនឹងកម្រិតរញ្ជួយ ៧,៦ រិច្ឆទ័រ ដែលសម្លាប់មនុស្ស ២.៤០០ នាក់លោក Wu Chien-fu នាយកមជ្ឈមណ្ឌលរញ្ជយយដីនៃក្រុងតៃប៉ិ បានប្រាប់អ្នកយកព័ត៌មានថា «រញ្ជយយដីនេះគឺស្ថិតនៅកៀកដីគោក ហើយវាមានជម្រៅរាក់។ វាមានរលករញ្ជួយជុំវិញកោះតៃវ៉ាន់ និងកោះក្បែរៗនោះ»។

រញ្ជួយដី ដែលវាយប្រហារមុនម៉ោង ៨ ព្រឹកនេះ បានញ៉ាំងឱ្យមានការចេញការព្រមានអំពីស៊ូណាមីនៅជប៉ុន និងហ្វីលីពីន។

ទីភ្នាក់ងារឧតុនិយមវិទ្យារបស់ជប៉ុន (JMA) បាននិយាយថា ស៊ូណាមីកម្ពស់ ៣​ ម៉ែត្រត្រូវគេរំពឹងកើតឡើងភ្លាមៗសម្រាប់បណ្តាកោះឆ្ងាយៗរបស់ជប៉ុនក្បែរតៃវ៉ាន់ រួមទាំងកោះ Miyakojima។

ស្លាកនៅលើស្ថានីយទូរទស្សន៍ NHK បានសរសេរថា «ជម្លៀសខ្លួន!»។ពិធីករទូរទស្សន៍នៅលើប៉ុស្តិ៍ NHK បាននិយាយថា «ស៊ូណាមីកំពុងមកហើយ។ សូមជម្លៀសខ្លួនជាបន្ទាន់។ កុំឈប់។ កុំត្រឡប់បកក្រោយ»។

JMA និយាយថា ស៊ូណាកម្ពស់ ៣០ សង់ទីម៉ែត្របានទៅដល់កោះ Yonaguni នៅម៉ោង ៩និង១៨ នាទីព្រឹកនេះ។

ហ្វីលីពីនបានព្រមានអំពី «រលកស៊ូណាមីខ្ពស់»និងអំពាវនាវឱ្យជម្លៀសខ្លួនចេញពីតំបន់ឆ្នេរ៕(ប្រែសម្រួលដោយលោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *