អ.ស.បអំពាវនាវឱ្យរដ្ឋាភិបាលនានា បញ្ឈប់ការនាំចេញប្រេងយន្តហោះទៅមីយ៉ាន់ម៉ា

បរទេស ៖ ស្ថាប័នសិទ្ធិមនុស្សឈានមុខគេរបស់អង្គការសហប្រជាជាតិបានយល់ព្រមកាលពីថ្ងៃព្រហស្បតិ៍ ទី៤មេសាឆ្នាំ២០២៤លើវិធានការនានាក្នុងគោលបំណងដាក់សម្ពាធលើប្រទេសមីយ៉ាន់ម៉ា និងអ៊ីរ៉ង់ ដែលរដ្ឋាភិបាលរបស់ពួកគេត្រូវបានចោទថា«ប្រើប្រាស់អំពើហិង្សាលើប្រជាជនរបស់ខ្លួន»។

ក្រុមប្រឹក្សាសិទ្ធិមនុស្សគឺបង្កើតឡើងដោយប្រទេសសមាជិកចំនួន ៤៧ ដែលគាំទ្រដោយការមូលមតិគ្នាជាវិធានការមួយដែលអំពាវនាវឱ្យរដ្ឋាភិបាលនានាបញ្ចៀសការនាំចេញ ឬលក់ប្រេងឥន្ធនៈយន្តហោះទៅប្រទេសមីយ៉ាន់ម៉ាប្រសិនបើពួកគេជឿថារបបយោធាដែលកំពុងកាន់អំណាចនេះអាចប្រើប្រាស់ប្រេងឥន្ធនៈដើម្បីរំលោភសិទ្ធិមនុស្សប្រទេសអាស៊ីអាគ្នេយ៍ហែកហួរដោយសង្រ្គាមមួយនេះ។

ក្រុមប្រឹក្សានេះក៏បានជំរុញឱ្យបញ្ឈប់ការផ្ទេរអាវុធ គ្រាប់កាំភ្លើង និងឧបករណ៍យោធាផ្សេងទៀតដោយខុសច្បាប់ទៅកាន់ប្រទេសមីយ៉ាន់ម៉ាផងដែរ។

អ្នកជំនាញឯករាជ្យដែលឧបត្ថម្ភដោយក្រុមប្រឹក្សានេះបានព្រមានកាលពីខែមុនថា រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាកំពុងបង្កើនអំពើហិង្សាលើជនស៊ីវិល ខណៈដែលខ្លួនប្រឈមមុខនឹងឧបសគ្គបន្ថែមទៀតនៅលើសមរភូមិប្រឆាំងនឹងក្រុមគាំទ្រលទ្ធិប្រជាធិបតេយ្យ និងក្រុមប្រដាប់អាវុធជនជាតិភាគតិច។

យោធា​បាន​ដណ្តើម​អំណាច​កាលពីជាង​បី​ឆ្នាំ​មុន​ពី​រដ្ឋាភិបាល​ជាប់​ឆ្នោត​របស់​លោកស្រី​អ៊ុងសាន ស៊ូជី ដែល​បង្ក​ឱ្យ​មាន​ក្រុម​ប្រឆាំង​អហិង្សា​រីករាលដាល​ ដែល​ត្រូវ​បាន​ជួប​ជាមួយនឹងកម្លាំង​បង្ក្រាបដ៏​សាហាវ។ ការ​គាប​សង្កត់​នេះបាន​បង្កើត​ឱ្យ​មាន​ការ​តស៊ូ​ប្រដាប់​អាវុធ និង​ធ្វើឱ្យប្រទេស​នេះធ្លាក់ក្នុងភ្លើងសង្គ្រាម​ស៊ីវិល៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *