ប៉ូលិសនៅសិង្ហបុរី ហុងកុង និងកូរ៉េខាងត្បូង បានចាប់ខ្លួនជនសង្ស័យចំនួន ២៧២ នាក់ក្នុងប្រតិបត្តិការរួមគ្នាដែលផ្តោតលើរឿងអាសអាភាសកុមារ

បរទេស ៖ ប៉ូលិសនៅក្នុងប្រទេសសិង្ហបុរី ហុងកុង និងកូរ៉េខាងត្បូងបានចាប់ខ្លួនមនុស្សចំនួន ២៧២ នាក់នៅក្នុងប្រតិបត្តិការរួមគ្នាដែលផ្តោតលើរូបភាពអាសអាភាសរបស់កុមារ និងការកេងប្រវ័ញ្ចផ្លូវភេទ។

ជនសង្ស័យដែលមានអាយុចន្លោះពី ១២ ទៅ ៧៣ ឆ្នាំត្រូវបានចាប់ខ្លួនក្នុងប្រតិបត្តិការរយៈពេល ៥ សប្តាហ៍ចាប់ពីថ្ងៃទី២៦ ខែកុម្ភៈដល់ថ្ងៃទី ២៩ ខែមីនា ដែលក្នុងអំឡុងពេលនោះ អាជ្ញាធរបានឆ្មក់ចូលទីតាំងសរុបចំនួន ២៣៦។

នៅប្រទេសសិង្ហបុរី មនុស្សចំនួន ២៨ នាក់ត្រូវបានចាប់ខ្លួនពីបទប្រព្រឹត្តិបទល្មើសផ្សេងៗ ដូចជាការចែកចាយសម្ភារៈបំពានលើកុមារ ការទំនាក់ទំនងផ្លូវភេទជាមួយអនីតិជន និងការលក់សម្ភារៈអាសអាភាស។

កងកម្លាំងប៉ូលិសសិង្ហបុរី (SPF) បាននិយាយនៅក្នុងការចេញផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃសុក្រ ទី៥មេសាថា ជនសង្ស័យមានអាយុចន្លោះពី ១៨ ទៅ ៥៩ ឆ្នាំ។

SPF បានបន្ថែមថា «ក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួន មានអ្នកលក់ម្នាក់ និងអ្នកទិញសម្ភារៈបំពានកុមារ ៧ នាក់របស់គាត់នៅក្នុងប្រទេសសិង្ហបុរី។ការស៊ើបអង្កេតបឋមបានបង្ហាញថា បុរសមួយចំនួនទទួលបានសម្ភារៈបំពានកុមារតាមរយៈវេទិកាផ្ញើសារនានា»។

ឧបករណ៍អេឡិចត្រូនិចរាប់សិបគ្រឿងត្រូវបានរឹបអូសនៅទីតាំងចំនួន ៤៤ ក្នុងប្រទេសសិង្ហបុរី។ SPF បាននិយាយថាវត្ថុទាំងនោះរួមមាន កុំព្យូទ័រចំនួន ៥០គ្រឿង ទូរស័ព្ទដៃចំនួន ៣៩គ្រឿង និងឧបករណ៍ផ្ទុកទិន្នន័យចំនួន ៩១គ្រឿង។

ប្រាំបួននាក់ក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួនត្រូវបានបញ្ជូនទៅក្រុមជំនួយសហគមន៍ និងគម្រោងបញ្ជូនបន្ត (HT CARES) កន្លែងដែលបុគ្គលិកសង្គមនឹងវាយតម្លៃថាតើការធ្វើអន្តរាគមន៍សង្គមដូចជាការប្រឹក្សា ជំនួយសុខភាពផ្លូវចិត្តនិងជំនួយផ្នែកហិរញ្ញវត្ថុគឺចាំបាច់ឬអត់។

គ្រោងការណ៍នេះត្រូវបានណែនាំដើម្បីជួយកំណត់បញ្ហាដែលអាចនាំឱ្យជនល្មើសប្រព្រឹត្តបទឧក្រិដ្ឋ ហើយបញ្ជូនពួកគេទៅកាន់ភ្នាក់ងារសមស្របសម្រាប់ជំនួយប្រសិនបើចាំបាច់។

មនុស្ស ១៦ នាក់ផ្សេងទៀតដែលមានអាយុពី ២២ ទៅ ៧០ ឆ្នាំកំពុងជួយដល់ការស៊ើបអង្កេតរបស់ប៉ូលិស។ នៅហុងកុងបុរស ១៣ នាក់ត្រូវបានចាប់ខ្លួន ដោយមន្ត្រីបានរឹបអូសវីដេអូអាសអាភាស និងរូបថតអាសអាភាសកុមារចំនួន ៩៧២៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *