លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តរតនគិរី រៀបចំពិធីសូត្រមន្ត នាឱកាសបុណ្យចូលឆ្នាំ

រតនគិរី ៖ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តរតនគិរី នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤នេះ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រោះព្រំលើករាសី នាំសិរីសួស្តីជូនដល់នាយ នាយរង និងពលទាហាននៃតំបន់ប្រតិបត្តិការសឹករងខេត្តរតនគិរី ដើម្បីអបអរសាទរឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ដែលនឹងឈានចូលដល់នៅថ្ងៃទី១៣-១៦ ខែមេសាខាងមុខនេះ។

លោកឧត្តមសេនីយ៍ត្រី មុយ សុផាត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តរតនគិរី បានថ្លែងថា ការរៀបចំពិធីនេះក៏ដើម្បីឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធបុព្វការីជនដែលបានចែកឋានទៅ ពិសេសសូមឲ្យនាយទាហាន នាយទាហានរងនិងពលទាហាន នៃតំបន់ប្រតិបត្តិការសឹករងខេត្តរតនគិរីទាំអស់មានសុខភាពល្អ កម្លាំងមាំមួនប្រកបការងារជោគជ័យបម្រើជាតិ បម្រើប្រជាជន។

លោកឧត្តមសេនីយ៍ត្រីបានបន្តថា នេះជាឱកាសជួបជុំនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ធ្វើបុណ្យរួមគ្នា ហើយក៏ជាឱកាសបង្កើនសាមគ្គីភាពគ្នាក្នុងការបំពេញការងារកាន់តែប្រសើរ ក្នុងការបំពេញភារកិច្ចសម្រាប់ឆ្នាំថ្មី ឲ្យកាន់តែជោគជ័យ។

លោក ក៏បានក្រើនរំលឹកដល់កងកម្លាំងទាំងអស់សូមថែរក្សាសុខភាព បរិភោគស្អាត រស់នៅស្អាត អនាម័យខ្ពស់ និងប្រុងប្រយ័ត្នចំពោះជំងឺផ្សេងៗក្នុងរដូវអាកាសធាតុក្តៅនេះ។

សូមជម្រាបថា ក្រៅពីមានពិធីសូត្រមន្តចម្រើនព្រះបរិត្តនាំសិរីសួស្តី និងរាប់បាត្រឧទ្ទិសកុសល ដល់វិញ្ញាណក្ខន្ធបុព្វការីជន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ,នៅល្ងាចថ្ងៃដដែលនេះក៏មានពិធីរៀបចំអាហារសាមគ្គី ៕ (ដោយ ៖ចាប សំអាន)

Leave a Reply

Your email address will not be published. Required fields are marked *