រថយន្តបុកម៉ូតូ នៅចំណុចផ្លូវបំបែកជាបួន បណ្តាលឱ្យយុវជនម្នាក់បានបាត់បង់ជីវិត

ភ្នំពេញ ៖ បុរសម្នាក់បានបាត់បង់ជីវិត ខណៈជិះម៉ូតូដល់ផ្លូវបំបែកជាបួន ត្រូវរថយន្តបុកមុខពេញទំហឹង កើតឡើងនៅវេលាម៉ោង១២និង៤០នាទីអធ្រាត្រ ឈានចូលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវ២០១១កែងផ្លូវបេតុង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ 

សពជនរងគ្រោះឈ្មោះ យ៉ាន ព្រួញ អាយុ២២ឆ្នាំ មានប្រពន្ធនិងកូន បច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួល នៅក្បែរកន្លែងកើតហេតុ មានស្រុកកំណើតនៅខេត្តកំពង់ចាម ជិះម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ។ ឯរថយន្តម៉ាកសាំងយ៉ុង ពណ៌សបើកបរដោយបុរសម្នាក់ ត្រូវពលរដ្ឋឃាត់បានប្រគល់ជូនសមត្ថកិច្ច  ។

ប្រភពពីបុរសម្នាក់ប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ ភាគីខាងម៉ូតូម៉ូតូជិះម្នាក់ឯង ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២០១១ ទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿន, ឯរថយន្តធ្វើដំណើរចេញពីផ្លូវបេតុង ទិសដៅពីកើតមកលិចក្នុងល្បឿនលឿនដូចគ្នា លុះមកដល់ចំណុចផ្លូវបំបែកជាបួន មិនប្រយ័ត្នហើយលឿនដូចគ្នា ទើបរថយន្តបុកម៉ូតូប៉ើងដូចស្លឹកកណ្តប បណ្ដាលឱ្យភាគីខាងម៉ូតូស្លាប់នៅនឹងកន្លែង ។ 

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចវាស់វែងយកម៉ូតូនិងរថយន្តទៅរក្សាទុក នៅការិយាល័យចរាចរណ៍រាជថានីភ្នំពេញ រង់ចាំដោះស្រាយតាមនីតិវិធី ៕(ដោយ គា សំណាង)

Leave a Reply

Your email address will not be published. Required fields are marked *