លោក ថេង សុថុល អភិបាលខណ្ឌ៧មករា ជួបសំណេះសំណាលជាមួយមន្ត្រីរាជការទូទាំងខណ្ឌ

ភ្នំពេញ ៖ អភិបាលខណ្ឌ៧មករា កោតសរសើរ ដល់មន្ត្រីគ្រប់ការិយាល័យទាំងអស់ បានបំពេញការងារ ប្រកបទៅដោយភាពទទួលខុសត្រូវ ជាពិសេសលើការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ គ្រប់សេវាទាំងអស់ មិនថាតែសេវា ច្រកចេញចូលតែមួយ ឬក៏សេវាសន្តិសុខនោះទេ។ លទ្ធផលដែលទទួលបានមកនេះគឺបង្ហាញពីការសាមគ្គីគ្នាក្នុងការអនុវត្តការងារប្រកបដោយភាពទទួលខុសត្រូវតាមតួនាទីនិងជំនាញរៀងៗខ្លួន។

ពិធីសំណេះសំណាលនេះធ្វើឡើងកាលពីព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក ថេង សុថុលអភិបាលខណ្ឌ៧មករា លោក វ៉ា សាបាន តំណាងលោក សោម សុវណ្ណ ប្រធានក្រុមប្រឹក្សាខណ្ឌ លោកអភិបាលរងមន្ត្រី ការល័យ កម្លាំងសន្តិសុខទាំងអស់ ចំណុះអោយរដ្ឋបាលខណ្ឌ៧មករា មុនពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ ជិតមកដល់។

នាឱកាសនោះ លោក ថេង សុថុល អភិបាលខណ្ឌ ៧មករា បានណែនាំបន្ថែមឱ្យមន្ត្រីជំនាញគ្រប់ការិយាល័យទាំងអស់សូមបន្តពង្រឹងនូវស្មារតីទទួលខុសត្រូវទៅតាមជំនាញ  តាមតួនាទីភារកិច្ច  សហការគ្នាធ្វើការងារជាក្រុមកុំអត្តនោម័តដោយខ្លួនឯង។ គ្រប់ការិយាល័យទាំងអស់សូមពង្រឹងការគ្រប់គ្រងបញ្ជីរវត្តមានរបស់មន្ត្រីជាប្រចាំ ។ 

ចំពោះការងារសន្តិសុខសូមយកចិត្តទុកដាក់ លើកិច្ចការពង្រឹងការងារសន្តិសុខជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានអោយបានល្អ។  ជាពិសេសត្រូវរួមគ្នាអនុវត្តគោលនយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាព អោយមានប្រសិទ្ធិភាព ។

លោកអភិបាលខណ្ឌបានសង្កត់ធ្ងន់ថា  អ្នកដែលអង្គុយជាគណៈអធិបតីនៅខាងលើនេះមិនអាចធ្វើតែ៥ឬ៦នាក់នេះបានទេ ប្រសិនបើគ្មានការចូលរួមពីមន្ត្រីជំនាញគ្រប់ការិយាល័យនោះទេ។ លទ្ធផលដែលយើងទទួលបាននេះគឺបង្ហាញយ៉ាងច្បាស់ថា  បានមកដោយសារការរួមគ្នាអនុវត្តការងារដោយការសាមគ្គីគ្នា រួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាទទួលខុសត្រូវ ។

ជាមួយគ្នានេះដែរលោកអភិបាលខណ្ឌបានរំលឹកឱ្យមន្ត្រីទាំងអស់ពង្រឹងការអនុវត្តបទបញ្ជារបស់សម្តេចមហាបវរធិបតីហ៊ុន  ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងការលប់បំបាត់ល្បែងស៉ីសងគ្រប់ប្រភេទ៕(ដោយ គាសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *