នាយករដ្ឋមន្ត្រីជប៉ុនសន្យាប្រគល់ដើមឆឺរី ២៥០ ដើមដល់រដ្ឋធានីវ៉ាស៊ីនតោនជាកាដូបុណ្យឯករាជ្យ

ជប៉ុន ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានទាក់ទាញការអបអរសាទរ និងទះដៃកងរំពងពីសមាជិកសភាអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ ទី ១១ មេសា ឆ្នាំ២០២៤ នៅពេលដែលលោកបានប្រកាសផែនការបរិច្ចាគដើមឆឺរី (cherry) ចំនួន ២៥០ ដើមដល់រដ្ឋធានីរបស់សហរដ្ឋអាមេរិក ដើម្បីប្រារព្ធខួបលើកទី ២៥០ នៃឯករាជ្យរបស់សហរដ្ឋអាមេរិក។

នៅក្នុងសុន្ទរកថាទៅកាន់សភាអាមេរិកក្នុងទីក្រុងវ៉ាស៊ីនតោន ដោយបានគូសបញ្ជាក់ពីទំនាក់ទំនងជិតស្និទ្ធរវាងសហរដ្ឋអាមេរិក និងជប៉ុន លោក Kishida បានសំដៅទៅលើការងារដែលសេវាឧទ្យានជាតិរបស់សហរដ្ឋអាមេរិកកំពុងអនុវត្តដើម្បីពង្រឹងសួន Tidal Basin ក្នុងទីក្រុងវ៉ាស៊ីនតោន ដែលជាកន្លែងសម្រាប់បូជនីយដ្ឋានជាតិជាច្រើនដូចជា ស្តូប Lincoln Memorial ជាដើម។

លោក Kishida បាននិយាយថា «ជាកាយវិការនៃមិត្តភាព ជប៉ុននឹងផ្តល់ដើមឆឺរីចំនួន ២៥០ ដើម ដែលនឹងត្រូវដាំនៅថ្ងៃប្រារព្ធខួបលើកទី ២៥០ នៃឯករាជ្យរបស់អ្នក»។

ស្ថានទូត​ជប៉ុន​បាន​និយាយ​ថា​«ខ្លួន​នៅកំពុងធ្វើ​ការ​លើ​ចំណុច​លម្អិតនៃ​កាដូនេះនៅឡើយ» ។ ខួបលើកទី ២៥០ នៃឯករាជ្យភាពរបស់សហរដ្ឋអាមេរិកពីចក្រភពអង់គ្លេស នឹងប្រព្រឹត្តទៅនៅថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ ២០២៦ខាងមុខនេះ ៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *